ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានផ្តល់អនុសាសន៍ចំនួន៨ចំណុច ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីបង្កើនប្រសិទ្ឋភាពនៃការប្រមូលចំណូលជូនជាតិ។
កាលពីឆ្នាំ២០២១កន្លងមក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជារកបានចំណូល២២៩៥លានដុល្លារអាមេរិក ធ្លាក់ចុះជាង៥ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីអូន ព័ន្ឋមុនីរ័ត្នបានផ្ដល់ការណែនាំបន្ថែមចំនួន៨ ចំណុចដល់ស្ថាប័នដ៏មានសារៈសំខាន់នេះ រួមមាន៖ ទី១–បន្តធ្វើសាមញ្ញកម្មនីតិវិធី ទី២–លើកកម្ពស់ប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបបទល្មើស ឱ្យបានសកម្មដូចភ្លៀងរលឹមទាំងនៅដើមទី កណ្តាលទី និងចុងទី ដោយរាប់បញ្ចូលទាំងការបង្ក្រាបទំនិញក្លែងក្លាយ, ទំនិញល្មើសសិទ្ធិចែកចាយផ្ដាច់មុខ ទំនិញដែលអាចត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន និងការសហការជាមួយអង្គភាពពាក់ព័ន្ធក្នុងការកំណត់មុខសញ្ញា ករណីសង្ស័យបទល្មើស សម្អាតប្រាក់ជ្រកក្រោមរូបភាពពាណិជ្ជកម្ម។
ទី៣–ត្រូវពន្លឿនការពិនិត្យលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងគយ ទី៤–ត្រូវពង្រឹងការងារបច្ចេកទេសគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងផលិតភាពការងារ ទី៥–បន្តជំរុញអនុវត្តឱ្យម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពការងារប្រមូលពន្ធ អាកររថយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក ទី៦–បន្ត សម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងការទប់ស្កាត់អំពើរត់គេចពន្ធ និងបន្តកិច្ចសហការល្អជាមួយផ្នែកឯកជនពិសេសក្រោមយន្តការក្រុម “ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
ទី៧–យកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ អគរ ពិសេសការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ឱ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាព និងទី៨–ត្រូវបន្តប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំនូវវិធានការសុខាភិបាល ពិសេសវិធានការ ៣ ការពារ និង ៣ កុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មី។
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់កិច្ចប្រជុំថា លទ្ធផលនៃការប្រមូលចំណូលនេះ គឺសម្រេចបាន៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ បើគិតតាមប្រភេទពន្ធនិងអាករឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៣,៥២២.២ ប៊ីលានរៀល (ត្រូវជា ៣៧.៩% នៃចំណូលសរុប) អាករពិសេសមានចំនួន ៣,៥១៣ ប៊ីលានរៀល ពន្ធគយមានចំនួន ១,៦៧១ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប) អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៤០៣.៦ ប៊ីលានរៀល (ត្រូវជា ៤.៣% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៨៥.២ ប៊ីលានរៀល៕