ការនាំចេញផលិតផលវិស័យឧស្សាហកម្មសម្រេចបានទឹកប្រាក់ជាង ៥,៤៥ពាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម បានបង្ហាញថា ការនាំចេញ ផលិតផលពីវិស័យឧស្សា​ហកម្ម បានសម្រេចបានជាង៥,៤៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១កន្លងទៅ កើនឡើង១៥ភាគរយធៀបនឹងឆ្នាំ២០២០។

លោកចម ប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិស័យឧស្សាហកម្ម បានរួមចំណែកដល់ការអភិវឌ្ឍការទ្រទ្រង់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន ការបង្កើតការងារ ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច និងការបង្កើនប្រាក់ចំណូល សមរម្យជូនប្រជាជនកម្ពុជា ។

លោកបន្តថា ក្នុងឆ្នាំមុនរោងចក្រធុនធំៗ ដំណើរការមានចំនួនជិត២០០០រោងចក្រ ផ្ដល់ការងារជាង៩៨ម៉ឺននាក់ និងផលិតផលបានទំនិញគិតជាទឹកប្រាក់សរុប៧,៤៣ពាន់លានដុល្លារអាមេរិក ក្នុងនោះផ្គត់ផ្គង់ក្នុងទីផ្សារជិត២ពាន់លានដុល្លា រនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង៥,៤៥ពាន់លានដុល្លារអាមេរិក ។

ក្នុងឆ្នាំ២០២១នេះដែរ រោងចក្រធំៗមួយចំនួន បានស្នើសុំចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីដំណើរការវិនិយោគរបស់ខ្លួន ក្នុងនោះរួមមានរោងចក្រផលិតកង់យានយន្ត នៅខេត្តស្វាយរៀង ដែលរោងចក្រនេះនឹងបម្រើដល់ការនាំចេញ ផលិតផលដែលមានតម្លៃបន្ថែម ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បង្កើតប្រាក់ចំណូលដល់ប្រជាជនកម្ពុជា ជាពិសេសនឹងជំរុញដល់ឧស្សាហកម្មកៅស៊ូកម្ពុជាបន្ថែមទៀតផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថាផងដែរ ក្នុងឆ្នាំ២០២១ទាំងមូល ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់ជាង១៦ពាន់លានដុល្លារអាមេរិក ទោះបីជាក្នុងឆ្នាំ២០២១កន្លងទៅកម្ពុជា បានជួបឧសគ្គនៃការរំខានខ្លាំងពីកូវីដ១៩ក្ដី ក្នុងនោះដែរទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបនៅតែជាទីផ្សារនាំចេញធំ របស់កម្ពុជាក្នុងវិបត្តិនៃជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here