អគ្គនាយកដ្ឋានពន្ធដារស្នើក្រុមហ៊ុនអ៊ិនធើណេត រាំងខ្ទប់ប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងករណីសហគ្រាសមិនចុះបញ្ជី

ដោយ៖ សុធារី

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធើណេតចំនួន៤៩ នៅកម្ពុជា លើការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយក្នុងករណីសហគ្រាសមិនចុះបញ្ជី និងបំពេញកាតព្វកិច្ចសារពើពន្ធ នឹងចាត់វិធានការចាំបាច់នានា ក្នុងការរាំងខ្ទប់នូវប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក។

ក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនផ្គត់ផ្គង់សេវាអឺនធើណេតចំនួន៤៩ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលចុងក្រោយនេះ អាជីវកម្មតាមអនឡាញ វិស័យអនឡាញ និងអ៊ិនធើណេត មានការសន្ទុះយ៉ាងខ្លាំង និងកើនឡើងយ៉ាងគគ្រឹកគគ្រេង។

ខណៈសហគ្រាសមួយចំនួនបានចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធ ក៏ប៉ុន្តែមានខណៈសហគ្រាសមួយចំនួនធំ ពុំទាន់បានចុះបញ្ជី និងយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធនៅឡើយ។ ដូចនេះ ការពង្រឹងនូវការគ្រប់គ្រង សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាការពង្រឹងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) និងអនុលោមភាពសារពើពន្ធ សម្រាប់វិស័យនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈអនុក្រឹត្យលេខ ៦៥ អនក្រ.បក ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅប្រទេសកម្ពុជាមកក្នុងកម្ពុជា ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងកម្ពុជា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែមជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលអនុវត្តន៍ប្រមូលអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការ តាមប្រព័ន្ធអេឡិចត្រូនិករហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីទុកពេលវេលាបន្ថែមដល់ អ្នកជាប់ពន្ធក្នុងការស្វែងយល់បន្ថែម និងត្រៀមខ្លួនឱ្យបានរួចរាល់ ខណៈការអនុវត្តន៍នឹងចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here