ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅពេលអនាគតខាងមុខ ក្រសួងនឹងបង្កើតមជ្ឈមណ្ឌល ជំរុញអភិវឌ្ឍន៍តាមវិស័យ នៅក្នុងខេត្តចំនួន៣។
ខេត្តចំនួនបីនោះរួមមាន សម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់ខេត្តកណ្តាល ស្មូនដីខេត្តកំពង់ឆ្នាំង និងចម្លាក់ថ្មខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្ននេះក្រសួងបានកំពុងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធ។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយ កាលពីសប្តាហ៍កន្លងទៅបានឲ្យដឹងថា គោលបំណងសំខាន់ នៃការពិនិត្យលទ្ធភាពក្នុងការបង្កើតមជ្ឍមណ្ឌលនេះ នឹងចូលរួមដើរតួយ៉ាងសំខាន់ ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្ម ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែលនៃផលិតផលនិងភូមិសាស្ត្រ បង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម។
ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មពីមន្ត្រីជំនាញ និងវិស័យឯកជនពាក់ព័ន្ធក្នុងការអនុវត្តការងារកន្លងមក។
បន្ទាប់ពីអង្គប្រជុំបានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុលផុស និងបានឯកភាព លើផែនការការងារពាក់ព័ន្ធ នឹងការចុះពិនិត្យទីតាំងជាក់ស្តែង ការបង្កើតសមាគមតាមវិស័យនីមួយៗ ក៏ដូចជាការលើកតម្កើងកេរ្តិ៍ឈ្មោះផលិតផលជាតិ តាមរយៈការចុះបញ្ជីម៉ាកជាដើម។
លោករាជ រ៉ាបានបន្តថា អង្គប្រជុំនេះ ក៏បានពិភាក្សាលើបញ្ហាប្រឈមដែលវិស័យទាំងនេះកំពុងជួបប្រទះ ជាពិសេសបញ្ហាប្រឈមពីវិបត្តិជំងឺកូវីដ-១៩ ដែលវិស័យទាំងនេះ បានទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជា បញ្ហាទីផ្សារដោយសារមិនមានការបញ្ជាទិញ ភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក៏ដូចជាការបាត់បង់កម្លាំងពលកម្មជំនាញជាដើម ដែលទាមទារឱ្យមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ។
លោកបានអះអាងថា ក្រសួងពាណិជ្ជកម្ម នៅតែបន្តគាំទ្រចំពោះការងារលើកកម្ពស់កេរ្តិ៍ឈ្មោះ និងថែរក្សាអត្តសញ្ញាណខ្មែរ ដោយបច្ចុប្បន្នក្រសួងបាន និងកំពុងរៀបចំគោលនយោបាយ និងក្របខណ្ឌយុទ្ធសាស្រ្តពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ការធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិ ក៏ដូចជាការបន្តធ្វើពិពិធកម្មទីផ្សារ តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងថ្នាក់តំបន់និងទ្វេភាគី ជាដើម៕