ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជា ចិនមានកំនើនល្អប្រសើរណាស់ បើទោះបីប្រទេសទាំងពីរ មិនទាន់អនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានពេញលេញក្តី។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមនាល្ងាចថ្ងៃទី៤ កុម្ភៈកន្លងមកថា នៅពេលយើងកំពុងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ យើងរំពឹងការនាំចេញរបស់យើងនឹងកើនឡើងថែមទៀត ពិសេសផលិតផលកសិកម្ម ដូចជាស្វាយកែវរមៀត ចេកអំបូងលឿង និមៀនប៉ៃលិនដែលយើងសង្ឃឹម នឹងអាចនាំចេញនៅពេលឆាប់ៗខាងមុខនេះ។
ទំហំពាណិជ្ជកម្មសេរីកម្ពុជា ចិនសម្រេចបានទំហំទឹកប្រាក់ជាង១១ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០២១កន្លងមកនេះ ក្នុងនោះកម្ពុជានាចេញទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់ជាង១០០០លានដុល្លារ និងចិននាំចូលកម្ពុជា មានទំហំទឹកប្រាក់ជាង៩០០០លានដុល្លារអាមេរិក។
លោកឧកញ៉ាលឹម ហេង បានបន្តថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ជាមួយសាធារណៈរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ RCEP នឹងធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា ហក់ឡើងកាន់តែខ្ពស់បន្ថែមទៀតនាពេលអនាគត៕