ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនបរទេសធំៗដែលធ្វើពាណិជ្ជកម្មតាមអនឡាញ ដូចជាក្រុមហ៊ុន Netflix , Facebook បានចាប់ផ្តើមទាក់ទងមកចុះបញ្ជីជាបណ្តើរៗហើយ ជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីអនុវត្តបង់ពន្ធ អាករលើតម្លៃបន្ថែម (VAT) ខណៈដែលអគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ។
នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្នុងកម្មវិធីពិសេសស្តីពី ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។
លោកបានគូសបញ្ជាក់ថា “គ្រាន់តែថា បញ្ហាក្រុមហ៊ុនគេនៅមិនទាន់ ត្រៀមខ្លួនរួចរាល់ ហើយគេសុំពន្យាពេលរហូតដល់បីខែ ដូច្នេះរដ្ឋាភិបាលអនុញ្ញាតឱ្យហើយ”។ ទោះជាយ៉ាងនេះក្តីលោករដ្ឋមន្ត្រីបញ្ជាក់ ក្រុមហ៊ុនទាំងនេះ បានស្នើពេល៣ខែ ដើម្បីរៀបចំឯកសារ។
អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ តទៅ ដើម្បីប្រមូលចំណូលពន្ធបន្ថែម (VAT) ពីការធ្វើពាណិជ្ជកម្មតាមអនឡាញ។
លោក គង់ វិបុល មិនទាន់អាចព្យាករណ៍បានទេថាកម្ពុជានឹងអាចទទួលបានចំណូលប៉ុន្មានលើវិស័យពាណិជ្ជកម្មតាមអនឡាញ ហេតុនេះទើបអគ្គនាយកដ្ឋានពន្ធដារជ្រោមជ្រែងឲ្យមានការបង្កើតច្រកទ្វារ internet Gateway ដើម្បីគ្រប់គ្រង និងពង្រឹងលើការប្រមូលពន្ធពីការធ្វើពាណិជ្ជកម្មតាមអនឡាញនេះឱ្យមានប្រសិទ្ធភាព។
ការពន្យារពេលអនុវត្តពន្ធនេះ អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកកម្ពុជា ត្រូវរួសរាន់មកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ស្រេចបាច់ មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។
ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានមក ធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនអគ្គនាយកដ្ឋានពន្ធដារឱ្យបានទាន់ពេលវេលា ត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕