កម្ពុជាអំពាវនាវឱ្យវិនិយោគិនជប៉ុនជ្រើសរើសកម្ពុជាជាដៃគូអាជីវកម្មទិសដៅវិនិយោគ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានអំពាវនាវឱ្យពាណិជ្ជករនិងវិនិយោគិនជប៉ុន ពិចារណាក្នុងការជ្រើសរើសយកកម្ពុជាជាដៃគូអាជីវកម្ម និងជាទិសដៅវិនិយោគ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានធានានូវស្ថិរភាពសន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។

ក្នុងជំនួបជាមួយលោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជានៅព្រឹកថ្ងៃទី៣ កុម្ភៈ ២០២២នេះ លោកបានមានប្រសាសន៍ថា ជាមួយនឹងភាពជាដៃគូជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនេះ ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់នូវកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគលើវិស័យច្រើនទៀត។ លើសពីនេះវិនិយោគិនជប៉ុនបានមកវិនិយោគនៅកម្ពុជា ដោយនាំមកនូវ លំហូរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញ ពីការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) និងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

លោកបន្ថែមថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP) បានពន្លឿនការឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន តាមរយៈការផ្តល់សិទ្ធិសេរីភាពនៃពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។

ជាក់ស្ដែង តាមស្ថិតិពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (DGCE) ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុនបានឈានដល់ប្រមាណ ១,៥ ពាន់លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២១។ សក្តានុពលផលិតផលនាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ដែលមានចំនួនខ្ពស់បំផុតក្នុងចំណោមផលិតផលផ្សេងទៀត ក្រៅពីនោះមានផលិតផលស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ។

ជាមួយគ្នាពីនេះ កម្ពុជាក៏បាននាំចូលសូត្រឆៅ ប្រមាណ៤០០ទៅ៥០០តោន ក្នុងមួយឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ ដែលរួមមាន ប្រទេសថៃ វៀតណាម ចិន និង ជប៉ុន ហើយទីផ្សារជប៉ុនបានក្លាយជាទីផ្សារនាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០ ដែលមានចំនួនរហូតដល់១,៥លាន ដុល្លារ។

ប្រធានសមាគមជប៉ុន-កម្ពុជាក៏បានបង្ហាញនូវការគាំទ្រលើចំណុចមួយចំនួនក្នុងនោះរួមមាន ១)សមាគមជប៉ុន-កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការពាំនាំសំណើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ទៅរាជរដ្ឋាភិបាលជប៉ុន ២)អភិវឌ្ឍន៍ការវិនិយោគខ្សែរច្រវ៉ាក់តម្លៃសូត្រនៅតាមខេត្តគោលដៅ និង៣) បន្តគាំទ្រការវិនិយោគរបស់សហគ្រិនជប៉ុនក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here