ក្រុមហ៊ុនព្រូដិនសលអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន ដើម្បីផ្ដល់ការធានារ៉ាប់រងអាយុជីវិតជូនអតិថិជនក្នុងរយៈពេលខ្លី

ដោយៈសហការី

 ភ្នំពេញៈ ឥឡូវនេះ អតិថិជនអាចចូលមើល និងគ្រប់គ្រងបណ្ណសន្យារ៉ាប់រងថ្មីរបស់ពួកគេភ្លាមៗ តាមរយៈកម្មវិធីទូរស័ព្ទ Pulse by Prudential។

ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ – ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានដាក់ឱ្យដំណើរការនូវសេវាកម្មឌីជីថលកាន់តែប្រសើររបស់ខ្លួន ដែលអាចចេញបណ្ណសន្យារ៉ាប់រងអាយុជីវិតជូនអតិថិជនភាគច្រើនក្នុងរយៈពេលត្រឹមតែប្រាំនាទីប៉ុណ្ណោះ បន្ទាប់ពីការទិញបានជោគជ័យ ដែលកត្តានេះបានធ្វើឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួល។

វិធីសាស្រ្តនៃការរៀបចំឱ្យមានពហុបណ្ដាញនៃការលក់របស់ក្រុមហ៊ុន ព្រូដិនសល បានផ្តល់ឱ្យអតិថិជននូវជម្រើសជាច្រើនដើម្បីទិញផលិតផលធានារ៉ាប់រងរបស់ខ្លួន ដែលក្នុងនោះអតិថិជនអាចរកទិញបានដោយងាយស្រួលតាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលផ្ទាល់ខ្លួនរបស់ពួកគេ ឬស្វែងរកការប្រឹក្សាពីទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ បន្ទាប់ពីការបំពេញព័ត៌មានចាំបាច់ទាំងអស់បានរួចរាល់ ប្រព័ន្ធនៃការត្រួតពិនិត្យលើការទិញធានារ៉ាប់រងដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុននឹងធ្វើការវាយតម្លៃលើការចេញបណ្ណសន្យារ៉ាប់រងថ្មីក្នុងរយៈពេលប៉ុន្មានវិនាទី បន្ទាប់មកបណ្ណសន្យារ៉ាប់រងថ្មីនឹងត្រូវបានចេញជូនអតិថិជនភ្លាមៗ ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

អតិថិជនអាចចូលមើល និងគ្រប់គ្រងបណ្ណសន្យារ៉ាប់រងថ្មីរបស់ពួកគេភ្លាមៗតាមរយៈកម្មវិធី Pulse by Prudential ដែលជាកម្មវិធីគ្រប់គ្រងសុខភាព និង សុខុមាលភាពលើទូរស័ព្ទ ហើយពួកគេក៏អាចធ្វើបច្ចុប្បន្នភាពលើព័ត៌មានរបស់អ្នកទទួលផលបានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងតាមបែបឌីជីថលដំបូងគេនៅក្នុងប្រទេសកម្ពុជា យើងចង់បន្តតួនាទីរបស់យើងក្នុងការធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់អាចទទួលបានការធានារ៉ាប់រងដែលកាន់តែមានភាពងាយស្រួល និងមានតម្លៃសមរម្យ។ បច្ចេកវិទ្យាមិនត្រឹមតែធ្វើឱ្យយើងអាចផ្តល់ជូននូវបទពិសោធន៍ដែលកាន់តែសាមញ្ញ និងកាន់តែប្រសើរឡើងសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធភាពឱ្យយើងអាចភ្ជាប់ទំនាក់ទំនងបានកាន់តែប្រសើរជាមួយអតិថិជនរបស់យើងផងដែរ»។

លោក Sanjay Chakrabarty បានបន្ថែមថា៖ “ប្រព័ន្ធថ្មីនេះនឹងជួយក្រុមហ៊ុនយើងក្នុងការវាយតម្លៃ និងអនុម័តការទូទាត់សំណងបានកាន់តែលឿនជាងមុន ដែលកត្តានេះអាចជួយឱ្យអតិថិជនអាចទទួលបានសំណង នៅពេលដែលពួកគេត្រូវការវាបំផុត”។

ចាប់តាំងពីឆ្នាំ ២០១៣ មក ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននឹងកំពុងផ្តល់ជូននូវដំណោះស្រាយលើការសន្សំ និងការការពារដ៏ទូលំទូលាយ ហើយមានតម្លៃសមរម្យ តាមរយៈទីប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីជួយប្រជាជនកម្ពុជាក្នុងការរៀបចំផែនការសម្រាប់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ សុខភាព និងសុខមាលភាពរបស់ពួកគេ។ នៅឆ្នាំ ២០២១ ក្រុមហ៊ុន ព្រូដិនសល បានចាប់ផ្តើមបង្កើតផលិតផលធានារ៉ាប់រងតាមបែបឌីជីថលដែលមានតម្លៃសមរម្យបំផុតចំនួន 3 ផលិតផល ដើម្បីផ្ដល់ដំណោះស្រាយលើតម្រូវការសុខភាព និងការការពារ ដែលមានទាំងការការពារលើជំងឺគ្រុនឈាម និងគ្រោះថ្នាក់ចរាចរណ៍ រហូតដល់សម្រាប់ការថែទាំសុខភាព ដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបានសេវាធានារ៉ាប់រងដែលមានតម្លៃសមរម្យ។ អតិថិជនអាចទិញ គ្រប់គ្រង និងធ្វើការទាមទារសំណងសម្រាប់ផលិតផលធានារ៉ាប់រងទាំងអស់នេះជាមួយនឹងបទពិសោធន៍តាមបែបឌីជីថល ដោយសារតែគ្រប់យ៉ាងអាចដំណើរការបាននៅលើកម្មវិធីសុខភាព Pulse ។

លោក ឡាយ គាងហុក អាយុ ២៦ គឺជាអតិថិជនម្នាក់របស់យើងដែលបានទិញផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ បានមានប្រសាសន៍ថា៖ “ខ្ញុំបានទិញផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ដោយសារតែខ្ញុំព្រួយបារម្ភអំពីការចំណាយលើការព្យាបាលដែលមិននឹកស្មានដល់ ក្នុងករណីដែលខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍។ ជាអកុសល ខ្ញុំបានបាក់ឆ្អឹងក្នុងឧបទ្ទវហេតុកាលពីថ្មីៗនេះ។ ខ្ញុំបានធ្វើការទាមទារសំណងនៅលើកម្មវិធីសុខភាព Pulse បន្ទាប់មក ខ្ញុំបានទទួលការទូទាត់សំណងពីក្រុមហ៊ុនព្រូដិនសលក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ»។

Pulse គឺជាកម្មវិធីទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ដែលត្រូវបានរចនាឡើងដើម្បីនាំមកនូវដំណោះស្រាយផ្នែកសុខភាព និងការការពារហិរញ្ញវត្ថុ ជូនដល់អតិថិជនរបស់ព្រូដិនសល បន្ថែមពីលើការជួយឱ្យពួកគេអាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់ពួកគេបានដោយងាយស្រួល។ ជាឧទាហរណ៍ អតិថិជនអាចធ្វើការវាយតម្លៃសុខភាព ដែលមុខងារនេះដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងអាចចូលរួមសហគមន៍អនឡាញ ដូចជាការរត់ ការរាំ អ្នកម្តាយវ័យក្មេង មុខងារស្វែងរកទីតាំងមន្ទីរពេទ្យដែលនៅជិតបំផុត និងរៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែប្រសើរឡើងតាមរយៈខ្លឹមសារអប់រំនានា។ កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ដែលអាចទាញយកដោយឥតគិតថ្លៃ ហើយអ្នកប្រើប្រាស់អាចចុះឈ្មោះដោយគ្រាន់តែប្រើលេខទូរស័ព្ទរបស់ពួកគេ។

កម្មវិធីសុខភាព Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសលក្នុងការផ្តល់ឱ្យគ្រប់គ្នានូវលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ និងធ្វើឱ្យការរៀបចំផែនការហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល។ កម្មវិធីសុខភាព Pulse បានបើកដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ីនាខែសីហា ឆ្នាំ ២០១៩ ហើយឥឡូវនេះ Pulse មាននៅលើទីផ្សារចំនួន ១៩ និង មាន ១១ ភាសានៅអាស៊ី និងអាហ្វ្រិក ហើយត្រូវបានទាញយកច្រើនជាង ៣១ លានដង។

LEAVE A REPLY

Please enter your comment!
Please enter your name here