ក្រុមហ៊ុនជប៉ុនមួយគ្រោងវិនិយោគកែច្នៃផលិតផលសូត្រខ្មែរជាផលិតផលគ្រឿងសម្អាងបម្រើការនាំចេញ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន iL BRiLLE គ្រោងវិនិយោគលើផលិតកម្មសូត្រខ្មែរ តាមរយ:ការបង្កើតគម្រោង Cambodian Golden Silk (CGS) ដើម្បីផលិតសូត្រសម្រាប់បម្រើឱ្យវិស័យវាយនភ័ណ្ឌ និងកែច្នៃផលិតផលសូត្រជាសារធាតុប្រូតេអីនសម្រាប់យកទៅបម្រើឱ្យវិស័យគ្រឿងសំអាងសម្រាប់ការនាំចេញទៅក្នុងប្រទេសជប៉ុននិងតំបន់។

នេះបើតាមការបញ្ជាក់អះអាងរបស់លោកនាយកក្រុមហ៊ុនជប៉ុន iL BRiLLE នៅថ្ងៃទី២៦ ខែមករានេះ ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកនាយកក្រុមហ៊ុន បានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលលើវិស័យផលិតកម្មសូត្រ ហើយដែលជនជាតិខ្មែរបានប្រតិបត្តិជាប្រពៃណីអំពីការផលិតហូល-ផាមួងពីសូត្រ ជាច្រើនសតវត្សមកហើយដូចជានៅខេត្តតាកែវ បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតកម្ម សូត្រខ្មែរត្រូវបានធ្លាក់ចុះ។

លោកបន្តថា យល់ច្បាស់ពីបញ្ហានេះ ក្រុមហ៊ុនជប៉ុន iL BRiLLE មានគោល បំណងវិនិយោគលើផលិតកម្មសូត្រខ្មែរ តាមរយ:ការបង្កើត CGS ដើម្បីផលិតសូត្រសម្រាប់បម្រើឲ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអីនសម្រាប់យកទៅបម្រើឱ្យវិស័យគ្រឿងសំអាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន។

លោកបញ្ជាក់បន្ថែមថា CGS នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទី១- ដល់ស្រ្តីតម្បាញនៅតាមជនបទដែលជាប្រភពផលិតហូល-ផាមួងមានការងារធ្វើ ទី២- ជួយលើកកម្ពស់តម្លៃបន្ថែមតាមរយ:ការកែច្នៃផលិតសូត្រទៅជាសារធាតុប្រូតេអីនបម្រើឲ្យវិស័យគ្រឿងសំអាង ទី៣- បង្កើតមជ្ឈមណ្ឌបង្កាត់ ភ្ញាស់ដង្កូវនាងពូជល្អៗ ផ្តល់ទិនកនផលខ្ពស់ រួចផ្សព្វផ្សាយជូនអ្នកចិញ្ចឹង និងទី៤- ស្នើសុំអង្គការ UNESCO ចុះបញ្ជីសូត្រជាមរតកវប្បធម៌ខ្មែរ។

លោកវេង សាខុន គាំទ្រចំពោះកម្មវត្ថុនៃការវិនិយោគរបស់ក្រុមហ៊ុន លើផលិតកម្មសូត្រខ្មែរ។ លោកមានប្រសាសន៍ថា គម្រោងនេះនឹងជួយកសាងកំលាំងផលិតសូត្រខ្មែរឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក កាត់បន្ថយការនាំចូល ធ្វើឱ្យសិប្បកម្មតម្បាញហូល-ផាមួងដំណើរការប្រកបដោយនិរន្តរភាព ពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ប្រើប្រាស់ឱ្យ អស់លទ្ធភាពវត្ថុធាតុដើមផលិតចេញពីសូត្រខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួងដែលជាមរតករបស់បុព្វបុរសខ្មែរ និងជាពិសេសណែនាំឱ្យបរទេសបានស្គាល់ពីតម្លៃសូត្រខ្មែរតាមរយ:ផលិតផលនានាដែលផលិតចេញពីសូត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here