ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី សហការជំរុញនិងបង្កើនការលក់ផលិតផលខ្មែរ

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ ថ្ងៃសុក្រទី២១ ខែមករា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ក្នុង០៥រាជធានី-ខេត្ត

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខាដោយលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Nuttapong Kaewtrakulpong អភិបាលក្រុមហ៊ុនភីធីធី (ខេមបូឌា) ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុស្សរណៈនេះនឹងអនុវត្តនៅតាមបណ្តារាជធានី-ខេត្តចំនួន ០៥ ចាប់ពីចុងខែមករា ឆ្នាំ២០២២ នេះតទៅ ដែលទីតាំងទាំងនោះរួមមាន៖ រាជធានីភ្នំពេញ (២ទីតាំងគឺ ច្បារអំពៅ និងព្រែកភ្នៅ) ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម (ស្គន់) និងខេត្តតាកែវ។

ក្រុមហ៊ុនស្នើសុំដាក់លក់ផលិតផលដូចជា ផ្លែឈើតាមរដូវកាល នំ និងផលិតផលធ្វើដោយដៃតាមតំបន់ (វត្ថុអនុស្សារីយ៍) ហើយក្រុមហ៊ុននឹងផ្តល់ទីតាំងលក់ដោយឥតគិតថ្លៃ ដោយធ្វើជាស្តង់រួមមួយដែលអាចឱ្យអាជីវករចូលលក់មិនលើសពី១០នាក់។

គោលបំណងនៃអនុស្សរណៈនេះនឹងជួយលើកកម្ពស់ផលិតផលខ្មែរលើទីផ្សារក្នុងស្រុក អភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើននិងកសាងសមត្ថភាពសហគ្រិន ក៏ដូចជាបង្កើតឱកាសធុរកិច្ចសម្រាប់ចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមកម្ពុជាប្រកប ដោយបរិយាប័ន្ន។ កិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច ជាពិសេសជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយក្នុងស្រទាប់មហាជន ព្រមទាំងជំរុញឱ្យមានទីផ្សារសម្បូរបែបសម្រាប់ផលិតផលក្នុងស្រុក។

ក្រៅពីគម្រោងសាកល្បងរយៈពេល៧ថ្ងៃត្រូវបានបញ្ចប់ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងអនុវត្តគម្រោងបន្ដចំនួន៣ទៀត ដែលនឹងរៀបចំនៅខែឧសភា ខែសីហា និងខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានអាជីវករចូលរួមដើម្បីលក់ផលិតផលខ្មែរមានចំនួនសរុប ៦៣នាក់។ គម្រោងនេះនឹងរៀបចំលក់នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី មួយចំនួន ដូចជា ក្នុងត្រីមាសទី២ ឆ្នាំ២០២២ នៅស្ថានីយចំនួន១៦ តាមបណ្តោយផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ ក្នុងត្រីមាសទី៣ នៅស្ថានីយ៍ចំនួន១០ តាមបណ្តោយផ្លូវជាតិលេខ៦ និងក្នុងត្រីមាសទី៤ នៅស្ថានីយ៍ចំនួន០៥ តាមបណ្តោយផ្លូវជាតិលេខ៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here