ក្រុមហ៊ុនអភិវឌ្ឍន៍សិង្ហបុរីមានសុទិដ្ឋិនិយមចំពោះគម្រោងខុនដូរបស់ខ្លួនក្នុងប្រទេសកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនសិង្ហបុរី Hong Lai Huat មានសុទិដ្ឋិនិយមលើការលក់ និងវឌ្ឍនភាពនៃគម្រោង Royal Platinum និង D’Seaview របស់ខ្លួនចំពេលស្ថានភាពកូវីដ១៩ នៅកម្ពុជាមានលក្ខណៈល្អប្រសើរច្រើន។

ក្រុមហ៊ុន Hong Lai Huat បានបើកដំណើរការគម្រោង D’Seaview ក្នុងក្រុងព្រះសីហនុ កាលពីឆ្នាំ២០១៥ ដែលមាន៧៣៧យូនីត លំនៅដ្ឋាន៦៧យូនីត និងសណ្ឋាគារប៊ូទិក។ ក្រោយមក នៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនបានបើកដំណើរការ គម្រោងប្រើប្រាស់ចម្រុះ Royal Platinum នៅរាជធានីភ្នំពេញ។

ក្នុងប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឱ្យដឹងនៅក្នុងសប្តាហ៍នេះថា ការងារសំណង់សំខាន់របស់ Royal Platinum ដំណើរការល្អតាមការគ្រោងទុក ដោយបានសាងសង់ដល់ជាន់ទី១០ ក្នុងចំណោមជាន់សរុបចំនួន២៨។ គម្រោង Royal Platinum គឺជាគម្រោងប្រើប្រាស់ចម្រុះទីពីររបស់ក្រុមហ៊ុន Hong Lai Huat នៅក្នុងរាជធានី
ភ្នំពេញ ដែលមានបន្ទប់លំនៅដ្ឋានចំនួន៨៥១យូនីត និងបន្ទប់ពាណិជ្ជកម្មចំនួន៥០យូនីត។

តាមប្រភពដដែល ប្រហែល៩០% នៃបន្ទប់ពាណិជ្ជកម្ម និងផ្ទះជួលរបស់ Royal Platinum ត្រូវបានលក់ទៅឱ្យអ្នកទិញក្នុងស្រុក និងបរទេស​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនបាននិយាយថា “ក្រោមទុនអភិវឌ្ឍន៍សរុបចំនួន២២០លានដុល្លារអាមេរិក ការលក់របស់ក្រុមហ៊ុនកំពុងដំណើរការល្អ ហើយក្រុមហ៊ុននៅតែមានសុទិដ្ឋិនិយម លើទស្សនវិស័យសម្រាប់ឆ្នាំ សារពើពន្ធ២០២២នេះ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការធ្វើដំណើរដោ​យមិនចាំបាច់ធ្វើចត្តាឡីស័ក សម្រាប់ការចាក់វ៉ាក់សាំងពេញលេញ កាលពីឆ្នាំ២០២១ កន្លងមក” ។

ក្នុងខែកញ្ញា ឆ្នាំ២០២០ និងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក ក្រុមហ៊ុន Hong Lai Huat បានទិញដីប្លង់ទី៣និងទី៤ សម្រាប់ការអភិវឌ្ឍនៅក្នុងទីក្រុងភ្នំពេញនិងខេត្តព្រះសីហនុ។ បច្ចុប្បន្ន គម្រោងទាំងពីរកំពុងស្ថិតក្រោមការសិក្សាលទ្ធភាព និងដំណាក់កាលរចនាប្លង់។ ផ្អែកលើការប៉ាន់ស្មានតួលេខបឋម គម្រោងទាំងពីរ នឹងមានតម្លៃទឹកប្រាក់វិនិយោគ សរុបជិត៤០០លានដុល្លារអាមេរិក។

កាលពីខែតុលាឆ្នាំមុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាមួយ (JVA) ជាមួយក្រុមហ៊ុន HSC Group (HSCG) របស់កម្ពុជាដើម្បីរុករក និងជីកយករ៉ែនៅមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី។
បច្ចុប្បន្ន ពាក្យស្នើសុំអាជ្ញាប័ណ្ណ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោ​យរង់ចាំការយល់ព្រមពីអាជ្ញាធរកម្ពុជា។ ក្រុមហ៊ុននឹងបន្តស្វែងរកដៃគូយុទ្ធសាស្ត្រសម្រាប់ការជួល ឬកិច្ចសហប្រតិបត្តិការរួមគ្នា លើដីឡូតិ៍ផ្សេងទៀតនៅក្នុងមជ្ឈមណ្ឌលកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here