ក្រុមហ៊ុនយក្ស Microsoft គ្រោងជះលុយជិត ៧០ពាន់លានដុល្លារទិញយកអាជីវកម្មហ្គេម

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft របស់សហរដ្ឋអាមេរិកបានទម្លាយឱ្យដឹងថា ខ្លួនមានគម្រោងទិញយកក្រុមហ៊ុនហ្គេម ដ៏ល្បីឈ្មោះ Activision Blizzard ក្នុងតម្លៃរហូតដល់ទៅ៦៨,៧ពាន់លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន BBC ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨មករាឱ្យដឹងថា វានឹងក្លាយជាការទិញយកអាជីវកម្ម ដ៏ធំបំផុតក្នុងប្រវត្តិ​សាស្រ្តរបស់ក្រុមហ៊ុន Microsoft ហើយតាមការរំពឹងទុក ដំណើរការទិញយកនេះ នឹងបញ្ចប់សព្វគ្រប់នៅឆ្នាំ២០២៣។

ការទិញយកនេះ នឹងធ្វើឱ្យក្រុមហ៊ុន Microsoft ក្លាយជាម្ចាស់កម្មសិទ្ធិលើហ្វ្រែនឆាយហ្គេមល្បីៗ ដូចជា Call of Duty និង Warcraft ព្រមទាំង Overwatch ជាដើម។

ក្រុមហ៊ុន Microsoft អះអាងថា ខ្លួននឹងជួយដល់ក្រុមហ៊ុនទាំងនោះពង្រីកអាជីវកម្មហ្គេម របស់ពួកគេក្នុងទូរស័ព្ទ កុំព្យូទ័រ និងម៉ាស៊ីនហ្គេម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងនេះ ក៏ជាកិច្ចព្រមព្រៀងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រហ្គេមផងដែរ ហើយកើតមានឡើងមួយឆ្នាំបន្ទាប់ ពីក្រុមហ៊ុន Microsoft បានទិញក្រុមហ៊ុនហ្គេម ដ៏មានឥទ្ធិពលមួយទៀតឈ្មោះ Bethesda ក្នុងតម្លៃ៧,៥ពាន់លានដុល្លារ។

លោក Satya Nadella ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានលើកឡើងថា ក្រុមហ៊ុនរបស់លោក កំពុងវិនិយោគប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់លើមាតិការ (Content) លំដាប់ថ្នាក់ពិភពលោកនៅក្នុងយុគសម័យថ្មី នៃការលេងហ្គេម ដែលផ្ដល់អាទិភាពជាសំខាន់ដល់អ្នកលេង និងអ្នកបង្កើតហ្គេម និងធ្វើឱ្យការលេងហ្គេមមានសុវត្ថិភាព និងដែលគ្រប់គ្នាអាចចូលលេងបាន៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here