សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរកំពុងខ្វះខាតកម្លាំងពលកម្ម

ដោយៈ សុធារី

ភ្នំពេញៈ រោងចក្រមួយចំនួន ដែលជាសមាជិករបស់សមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ កំពុងតែខ្វះកម្លាំងពលកម្មដើម្បីបំរើការងារនៅក្នុងផ្នែកផលិ ដូច្នេះសមាគមចង់សហការបន្ថែមជាមួយក្រសួង ដើម្បីជ្រើសរើសកម្លាំងពលកម្ម សម្រាប់បម្រើការងារនៅក្នុងច្រវ៉ាក់ផលិតកម្មរបស់រោងចក្រ។

នេះបើតាមការបញ្ជាក់របស់ លោក លឹម តុង ប្រធានសមាគមសមា​គមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ក្នុងជំនួបសម្តែងការគួរសម និងស្នើសុំការគាំទ្រពីក្រសួង ព្រមទាំងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់លោករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងដំណើរការសកម្មភាព ការងាររបស់ សមាគ​មផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

លោក លឹម តុង ប្រធានសមាគម បានមានប្រសាសន៍ថា សមាគមនេះ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ តែដោយសារតែមានការរំខានពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើអោយសមាគមមានសកម្មភាពឡើងវិញក្នុងឆ្នាំ២០២១នេះ។ លោកក៏បានស្នើសុំក្រសួង ដោយឱ្យមានអ្នកតំណាងរបស់សមាគម មានវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំ សិក្ខាសាលា និងវេទិការនានារបស់រដ្ឋាភិបាល ដើម្បីសមាគមអាចមានលទ្ធភាព ធ្វើការផ្សព្វផ្សាយបន្តទៅកាន់សមាជិកទាន់ពេលវេលា និងអាចបង្កើនទំនុកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេស មកដាក់ទុនវិនិយោគ បង្កើតរោងចក្រ ដើម្បីផ្តល់ការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមានប្រសាសន៍ថា “រោងចក្រមួយចំនួនដែលជាសមាជិករបស់សមាគមនាពេលបច្ចុប្បន្ននេះ កំពុងតែខ្វះកម្លាំងពលកម្ម ដើម្បីបំរើការងារនៅក្នុងផ្នែកផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនេះផងដែរ ដូច្នេះ សមាគមចង់សហការបន្ថែមជាមួយក្រសួង ដើម្បីជ្រើសរើសកម្លាំងពលកម្មសម្រាប់បម្រើការងារ នៅក្នុងច្រវ៉ាក់ផលិតកម្មរបស់រោងចក្រ”។

ជាការឆ្លើយតប លោក អ៊ិត សំហេង បានលើកឡើងថា ការបង្កើតសមាគមនេះ វាជាយន្តការមួយក្នុងការ ចូលរួមជាមួយអ្នកវិនិយោគ និងវេទិ​ការបស់រាជរដ្ឋាភិបាល និងក៏ជាការចូលរួមចំណែក លើការសម្របសម្រួ​លក្នុងក្របខណ្ឌត្រីភាគី អនុវត្តតាមបទដ្ឋានការងារ កាតព្វកិច្ចរបស់រោងចក្រ អត្ថប្រយោជន៍របស់កម្មករ និងការដោះស្រាយវិវាទការងារជាដើម។

បញ្ហាប្រឈមកង្វះកម្លាំងពលកម្ម របស់រោងចក្រមួយចំនួនរបស់សមា​គម លោករដ្ឋមន្ត្រី បានស្នើសមាគម សហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងរើសកម្លាំងពលកម្ម ផ្គត់ផ្គង់កម្លាំងពលកម្មមកដល់រោងចក្រទាំងនោះ។ សម្រាប់កម្លាំងពលកម្មជំនាញវិញ ខាងសមាគមអាចទាក់ទងផ្ទាល់ តាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទរបស់ក្រសួងបានគ្រប់ពេលដើម្បីរើសជំនាញតាមអ្វីដែលជាតម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here