Apple នឹងចាប់ផ្ដើមផលិត iPhone 13 នៅក្នុងប្រទេសឥណ្ឌាក្នុងខែកុម្ភៈឆ្នាំក្រោយ

ដោយៈស្រីលិះ

ឥណ្ឌាៈ ក្រុមហ៊ុន Apple បានផលិតទូរស័ព្ទ iPhone នៅក្នុងប្រទេសឥណ្ឌាអស់រយៈពេលពីរបីឆ្នាំហើយ ហើយនឹងចាប់ផ្តើមសង្វាក់ផលិតកម្ម iPhone 13 ក្នុងចំនួនដ៏ច្រើនសន្ធឹក នៅក្នុងប្រទេសអាស៊ីមួយនេះ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២នេះទៅ។

Apple បានធានាការផ្គត់ផ្គង់បន្ទះឈីប ពាក់កណ្ដាលសម្រេច សម្រា​ប់ការផលិតទ្រង់ទ្រាយធំ ហើយបានចាប់ផ្តើមការផលិតសាកល្បងរបស់ iPhone13 រួចហើយ នៅក្នុងរោងចក្ររបស់ Foxconn ក្បែរទីក្រុង Chennai ជាកន្លែងដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះផលិត iPhone 11 និង iPhone 12 ផងដែរ។

ក្រៅពីរោងចក្រ Foxconn នៅក្នុងទីក្រុង Chennai Apple ក៏បានផលិត iPhone SE នៅក្នុងរោងចក្រ Wistron នៅទីក្រុង Bengaluru ហើយបើតាមការប៉ាន់ស្មាន ក្រុមហ៊ុននេះផលិតបានប្រហែល ៧០ភាគរយនៃ iPhone ដែលខ្លួនលក់នៅក្នុងប្រទេសឥណ្ឌា។

ការផលិត iPhone 13 នៅក្នុងប្រទេសឥណ្ឌា មិនត្រឹមតែជួយឱ្យ Apple ទម្លាក់តម្លៃ iPhone ជំនាន់ចុងក្រោយរបស់ខ្លួន នៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញឲ្យការផ្គត់ផ្គង់ នៅក្រៅប្រទេសផងដែរ ប្រមាណ២០-៣០ភាគរយ នៃ iPhone ដែលផលិតនៅក្នុងប្រទេសឥណ្ឌាជាធម្មតា ត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈពេលដែលក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមធ្វើធ្វើការផ្សព្វផ្សា​យពាណិជ្ជកម្ម iPhone 13 នៅក្នុងប្រទេសឥណ្ឌា នាខែកុម្ភៈខាងមុខនេះ តាមប្រភពបាននិយាយទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ មិនមានគម្រោងផលិត iPhone 13 Pro និង iPhone 13 Pro Max នៅក្នុងទីផ្សារស្មាតហ្វូនធំទីពីររបស់ពិភពលោកនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here