លោក ស៊ុន ចាន់ថុល៖ វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលដើរតួជាអ្នកសម្របសម្រួល មិនមែនជាចៅហ្វាយផ្នែកឯកជនទេ

ដោយ៖សុផារី

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា “វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលដើរតួជាអ្នកសម្របសម្រួល មិនមែនជាចៅហ្វាយផ្នែកឯកជនទេ ក្នុងនាមជាអ្នកសម្របសម្រួល យើងធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ ជោគជ័យរបស់វិស័យឯកជនគឺជាជោគជ័យរបស់យើងផងដែរ ដូច្នេះសូមបន្តរួមគ្នាដើម្បីជាប្រយោជន៍ដល់វិស័យឯកជន និងដើម្បីជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ”។

នៅក្នុងអង្គសន្និបាត ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ វិស័យឯកជន ជាពិសេសសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានឋិតនៅជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានគូសបញ្ជាក់ផងដែរអំពីតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្របសម្រួលដល់ការធ្វើអាជីវកម្មនៃវិស័យឯកជននៅកម្ពុជា។

បន្ថែមពីលើនេះ លោកបានលើកឡើងអំពីវឌ្ឍនភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជាលើគ្រប់វិស័យ ដែលកើតចេញពីសុខសន្តិភាព និងការផ្សះផ្សាជាតិពេញលេញ គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រេចបាន និងកំពុងអនុវត្តបន្តដែលរួមមាន ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ការចាក់កៅស៊ូផ្លូវជាតិផ្លូវខេត្ត និងផ្លូវជនបទបានប្រវែង១៥.០០០គីឡូម៉ែត្រ ការសាងសង់ស្ពានធំៗបានចំនួន២០ ការលើកកម្រិតព្រលានយន្តហោះចំនួន៣តាមស្តង់ដាអន្តរជាតិ អាកាសយានដ្ឋានថ្មីចំនួនពីរកំពុងសាងសង់ និងគម្រោងលើកកម្រិតគុណភាព និងពង្រីកបណ្តាញផ្លូវថ្នល់សំខាន់ៗ គម្រោងអភិវឌ្ឍន៍ផ្លូវដែក និងកំពង់ផែជាដើម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here