កំណើនភ្ញៀវទេសចរវ៉ាក់សាំងចាប់ផ្តើមកើនឡើង បន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញ

ដោយៈ សុផារី

ភ្នំពេញៈ កំណើនភ្ញៀវទេសចរវ៉ាក់សាំងចាប់ផ្តើមកើនឡើង បន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញ ស្របជាមួយការគ្រប់គ្រងប្រកបដោយ គុណភាព សុវត្ថិភាព និងនិរន្តរភាព តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាបានភាពកក់ក្តៅដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្ត ធានាបានសុវត្ថិភាព និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោកឈុន មករា អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទេ្ទសទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ការបើកប្រទេសឡើងវិញទាំងស្រុង ទទួលទេសចរវ៉ាក់សាំងកន្លងមកនេះ ឃើញថារំហូរភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើងជាបន្តបន្ទាប់ និង បង្កើនទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមក រវាងប្រភពទីផ្សារនិងគោលដៅទេសចរណ៍កម្ពុជា។

ទន្ទឹមនឹងដំណើរការទេសចរណ៍វ៉ាក់សាំង ទេសចរណ៍ក៏កំពុងចលនាជំរុញឱ្យអាជីវកម្មទេសចរណ៍ ដើរឡើងវិញ ដើម្បីជួយស្តារសេដ្ឋកិច្ចសង្គមនិងជីវភាពអាជីវករ និងពលរដ្ឋទូទៅមានភាពប្រសើរឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា សមាជិករបស់សមាគមទេសចរណ៍កម្ពុជា ក៏កំពុងមមាញឹក ផ្តោតទៅលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរពីតំបន់អាស៊ី និងសហគមន៍អឺរ៉ុប មកទស្សនានៅកម្ពុជាផងដែរ។ លោកមានប្រសាសន៍ថា “ចំពោះជនបរទេស ចូលមកកម្ពុជារបស់យើង ត្រូវអនុវត្តន៍តាមនីតិវិធី ដែលយើងមានចែង ត្រូវចូលមកប្រទេសកម្ពុជាយើងបានហើយត្រូវអនុវត្តតាមច្បាប់ក្នុងប្រទេសយើងទៀត ដូចជា លក្ខណៈ៣ការពារ ៣កុំ។ បច្ចុប្បន្ននេះប្រទេសទេសចរណ៍អន្តរជាតិ កំណើនទេសចរ អន្តរជាតិក្នុងប្រទេសកម្ពុជា និងអាចឈានក្នុងការមានការកំណើន”។

លោកឈុន មករាបានបន្តថា គ្រាន់កាលពីមុន ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា ក្នុង១ថ្ងៃតែ៣០០ឬ៤០០នាក់នោះទេ បន្ទាប់ពីថ្ងៃទទួលវ៉ាក់សាំងទេសចរណ៍នេះ កំណើនអាចឡើងជាមធ្យមទៅ៥០០ ឬ៦០០នាក់ ចូលមកក្នុងប្រទេសកម្ពុជាយើង ជើងហោះហើរយើង ក្នុងខែធ្នូនេះ មានការកើនឡើងពី៣៧ជើងហោះហើរ ទៅ៤៣ជើងហោះហើរក្នុងមួយសប្តាហ៍។ មានការកើនឡើងជើងហោះហើរ ចំនួនភ្ញៀវទេសចរចូលមកកម្ពុជាយើងអាចមានការកើនឡើង។

កម្ពុជាបានបើកទទួលទេសចរអន្តរជាតិ ឡើងវិញក្រោមទម្រង់ជា “ទេសចរណ៍ចាក់វ៉ាក់សាំង” ដោយចាប់ផ្តើមមុនគេនៅ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុងក្នុងខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់មកនៅ ខេត្តសៀមរាបនៅក្នុងខែមករាឆ្នាំ២០២២ នៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ អន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ឬគោលដៅទេស​ចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវការធ្វើចត្តាឡីស័កក្នុង សណ្ឋា​គារឡើយ ។

យោងតាមរបាយការណ៍ ពីក្រសួងទេសចរណ៍បានឱ្យដឹងថាភ្ញៀវទេ​ស​ចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេស ទទួលបានភ្ញៀវសរុបចំនួន១៨១,០២៤នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥,៣០៨ នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរទៅលេងកម្សាន្តរួមមាន ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់រាជធានីភ្នំពេញ ២៩,៧៩២ នាក់ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់ ខេត្តកំពត ១៧,៧៩៦ នាក់ខេត្តសៀមរាប ១៦,១៦០ នាក់ ខេត្តបាត់ដំបង ៨,៤១៣ នាក់ខេត្តកែប ៦,៥៦៧ នាក់ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។

លោកបានបន្តថា តួលេខខាងលើ មានការកើនឡើង៤.៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រា​កបុណ្យជាតិនានាក៏ដោយ។ សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញ ការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត បើកឱ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here