ក្រុមហ៊ុនលំដាប់យក្សជប៉ុន JERA ទិញយកគម្រោងស្ថានីយអគ្គិសនីដើរដោយកង្ហារខ្យល់កម្លាំង៣០០មេហ្គាវ៉ាត់នៅសហរដ្ឋអាមេរិក

ដោយៈសុខុម

តូក្យូ: ក្រុមហ៊ុនផលិតថាមពលអគ្គិសនីដ៏ធំបំផុត របស់ប្រទេសជប៉ុន JERA Co Inc បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ធ្នូ ថា ខ្លួនបានទិញយកភាគហ៊ុន១០០%ក្នុងគម្រោងស្ថានីយអគ្គិសនីដើរ ដោយកង្ហារខ្យល់ El Sauz Wind Power Project ដែលមានកម្លាំង៣០០មេហ្គាវ៉ាត់ (MW) នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក ពីបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Apex Clean Energy ក្នុងតម្លៃលាក់ការ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន JERA ដើម្បីពង្រីកសមត្ថភាពផលិតថាមព​លកកើតឡើងវិញរបស់ខ្លួន នៅទូទាំងពិភពលោកឱ្យឈានដល់៥ជីហ្គាវ៉ាត់ (GW) នៅត្រឹមខែមីនា ឆ្នាំ២០២៦ ហើយក៏ជាគម្រោងថាមពលអគ្គិសនី កកើតឡើងវិញដំបូងបង្អស់របស់ក្រុមហ៊ុននេះនៅក្នុងសហរដ្ឋអាមេរិកដែរ។

ក្រុមហ៊ុន JERA បានចេញសេចក្តីថ្លែងការណ៍ថា ការសាងសង់ស្ថានីយអគ្គិសនីដើរដោយកង្ហារខ្យល់នៅ Willacy County ក្នុងរដ្ឋតិចសាស នេះនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២២ ហើយគ្រោងនឹងចាប់ផ្ដើមដំណើរការនៅត្រីមាសទី៤ចុងឆ្នាំដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាប់បញ្ចូលទាំងគម្រោងថ្មី នៅសហរដ្ឋអាមេរិកនេះផង ក្រុមហ៊ុនជប៉ុន មួយនេះមានសមត្ថភាពផលិតថាមពលអគ្គិសនី កកើតឡើងវិញបាន១,៧៥ជីហ្គាវ៉ាត់ (GW)។

ក្រុមហ៊ុន JERA មានគោលបំណងបង្កើនសមត្ថភាព ផលិតថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យឈានដល់២ជីហ្គាវ៉ាត់ (GW) តាមរយៈការទាញយកអត្ថប្រយោជន៍ពីការគាំទ្ររបស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ។

លោក Satoshi Onoda ប្រធានក្រុមហ៊ុន JERA បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា “បច្ចុប្បន្នគម្រោងថាមពលអគ្គិសនី កកើតឡើងវិញនានានៅសហរដ្ឋអាមេរិក កំពុងស្ថិតក្រោមការពិចារណារបស់យើង ព្រោះយើងចង់បង្កើនឱ្យឈានដល់ជាង៤ជីហ្គាវ៉ាត់ (GW) ហើយយើងចង់ជ្រើសរើស និងអភិវឌ្ឍឱ្យបានកម្លាំង២ជីហ្គាវ៉ាត់ (GW) នៃគម្រោងទាំងនោះ”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here