ដំណឹងល្អៈតម្លៃប្រេងឥន្ធនៈលើទីផ្សារកម្ពុជាធ្លាក់ចុះបន្តិចវិញក្នុងពាក់កណ្ដាលខែវិច្ឆិកានេះ

ដោយៈលក្ខិណា

ភ្នំពេញៈ ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា២០២១នេះ រហូតដល់ដំណាច់ខែ តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារនៃប្រទេសកម្ពុជា បានធ្លាក់ចុះបន្តិចបើធៀបនឹងដើមខែវិច្ឆិកា។

ចាប់ពីពាក់កណ្តាលខែវិច្ឆិកា តម្លៃប្រេងសាំងធម្មតា បានធ្លាក់ចុះពី៤៥៥០រៀលក្នុងមួយលីត្រកាលពីដើមខែ មកត្រឹម៤៤៥០រៀលក្នុងមួយលីត្រ ពោលគឺបានធ្លាក់ចុះ១០០រៀល និងប្រេងម៉ាស៊ូត បានធ្លាក់ចុះពី៤១០០រៀល ក្នុងមួយលីត្រមកនៅ៤០៥០រៀលក្នុងមួយលីត្រ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១៦ វិច្ឆិកា២០២១។

លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់អ្នកសារព័ត៌​មានកាលពីពេលថ្មីឱ្យដឹងថា កម្ពុជាជាប្រទេសនាំចូលប្រេង ដូច្នេះទីផ្សារប្រេងឥន្ធនៈនៅកម្ពុជាឡើងចុះ អាស្រ័យលើទីផ្សារអន្តរជាតិ ហើយសូម្បីតែប្រទេសខ្លះដែលអាចផលិតប្រេងខ្លួនឯង បានក៏តម្លៃប្រេងត្រូវឡើងថ្លៃដែរ ពីព្រោះតែផលិតភាពរបស់ខ្លួនមិនអាចផ្គត់ផ្គង់បាន និងត្រូវការនាំចូលពីប្រទេសក្រៅមកបំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ដោយសារតែទីផ្សារប្រេងអន្តរជាតិបានឡើងខ្ពស់ កាលពីចុងខែមុននិងដើមខែនេះ ធ្វើឱ្យអង្គការប្រទេសផលិតប្រេង បានកោះប្រជុំនិងរកដំណោះស្រាយ ក្នុងនោះអាមេរិក បានស្នើឱ្យអង្គការបង្កើនផលិតភាពបន្ថែមទៀត ដើម្បីទប់ស្កាត់ការឡើងថ្លៃ ។ យ៉ាងណាអង្គការ OPEC បានយល់ព្រមបង្កើនផលិតភាពប្រេងត្រឹមតែ ជាង៤០ម៉ឺនបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ។

លោកបន្តទៀតថា ការបង្កើនផលិតភាពប្រេង របស់អង្គការអន្តរជាតិមួយនេះរំពឹងថានឹងធ្វើឱ្យតម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះហើយនឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ធ្លាក់ចុះផងដែរ ទោះតិចឬក៏ច្រើនក្ដី គឺចាប់ពីខែធ្នូ ឆ្នាំ២០២១នេះតទៅ។

លោកសុវិជាតិ បានបញ្ជាក់ថា កត្តាដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃដូច្នេះ បណ្ដាលមកពីស្ថានភាពកូវីដ១៩ បានប្រសើរនៅបណ្ដាប្រទេសមួយចំនួន ហើយសកម្ម​ភាពចរាចរណ៍ក៏បានចាប់ផ្ដើមមមាញឹកឡើងវិញ។ ជាក់ស្ដែងសកម្មភាពហោះហើររបស់ក្រុមហ៊ុនអាកាសចរមួយចំនួន ក៏បានកម្រើហើយការដឹកជញ្ជូនផ្លូវគោក ក៏ឃើញថាមានសកម្មភាពឡើងវិញផងដែរ ក្នុងនោះកម្ពុជាក៏ឃើញថាបានងើបឡើងវិញដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here