សេដ្ឋវិទូៈជប៉ុនបានកសាងមូលដ្ឋានសំរាប់ការវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សេដ្ឋវិទូកម្ពុជាលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា គិតចាប់ពីមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានផ្លាស់ប្តូរជាប្រវត្តិសាស្រ្ត។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចរូបនេះ បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ជប៉ុនពិតជាបានក្រាលមូលដ្ឋាន វិនិយោគរយៈពេលវែងនៅកម្ពុជារួហើយ តាំងពីមុនពេលមានវិបត្តិកូវីដ១៩មកម្លេស។ លោកបន្តថា ជប៉ុនបានវិនិយោគលើមូលដ្ឋានចាំបាច់ជាច្រើននៅកម្ពុជា ដូចជាមន្ទីរពេទ្យ ខុនដូ អាផាតម៉ិន សណ្ឋាគារ ផ្សារទំនើប ទីលានវាយកូនហ្គោលជាដើម ដែលផ្នែកទាំងអស់នេះ សុទ្ឋតែជាមូលដ្ឋានសំរាប់ការស្នាក់នៅរយៈពេលវែងនៅកម្ពុជា។

លោកបន្តថា “ជនជាតិជប៉ុនពេលមកវិនិយោគ នៅប្រទេសណាមួយ ពួកគេស្ទាបហើយស្ទាបទៀត ដូចជាស្ទាបបង្កាន់ដៃស្ពានចឹង ដើម្បីពួកគេដឹងមូលដ្ឋានជាក់លាក់និងមានជំនឿចិត្តច្បាស់លាស់ ទើបពួកគេឆ្លងស្ពាន(មកវិនិយោគ)”។លោកបន្តថា “តាមរយៈការប្រឹក្សាជាមួយអ្នកវិនិយោគជប៉ុន និងមានមិត្តភ័ក្តជប៉ុនជាច្រើន លោកមើលឃើញថា ជប៉ុនកំពុងមានទំនុកចិត្តលើស្ថានភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបង្ហាញឲ្យដឹងនៅថ្ងៃទី៣០ សីហា២០២១នេះឱ្យដឹងថា គិតត្រឹមខែកកក្កដា ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគចំនួន២១១គម្រោង មានទឹកប្រាក់ជាង៣,១ពាន់លានដុល្លារ ។

លោកសុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ក្នុងវេទិកាពិភាក្សាជាមួយអ្នកវិនិយោគជប៉ុនកាលពីថ្ងៃទី៣០ សីហាកន្លង ដោយបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព វិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគ ក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមការចង្អុលបង្ហាញនៃគោលនយោ​បាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០១៥ ដែលជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សា​ហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here