កម្ពុជា​បានដាក់​ចេញ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​ផ្លូវការ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានអនុម័ត​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce Strategy)ជា​ផ្លូវការ​ហើយ ដើម្បី​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​ផលិតភាព បង្កើន​ការនាំចេញ បង្កើត​ការងារ និង​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​អនុម័ត​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ​នានា ព្រមទាំង​បានប្រកាស​អនុម័ត​ជា​ផ្លូវការ​លើ​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈសំខាន់​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​នៅ​ថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២០ ។

ថ្លែង​ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ក្នុង​បរិបទ​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម៤.០ បច្ចេកវិទ្យា​ឌីជីថល គឺជា​គន្លឹះ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​ភាព​ប្រកួតប្រជែង​របស់ សហគ្រាស​ពាណិជ្ជកម្ម និង​ដំណើរការ​អាជីវកម្ម ដែល​រួមចំណែក​ដល់​ការលើកកម្ពស់​ផលិតភាព​បង្កើន​ការនាំចេញ បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

លោក​បន្តថា “ដោយ​មើលឃើញ​ពី​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការ​ចាប់យក​កាលានុវត្តភាព​ពី​ប​ដិ​វដ្ត​ន៍​ឧស្សាហក​កម្ម៤.០ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៦ នៃ​រដ្ឋសភា បាន​រំលេច​អំពី “ការរៀបចំ​ខ្លួន​សម្រាប់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​ទៅនឹង​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម៤.០” ក្នុង​មុំ​ទី៣ ចតុកោណ​ទី២នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា“ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ក៏​ជាការ​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តាមរយៈ​ការលើកកម្ពស់​សមត្ថភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ឲ្យ​ផ្សារភ្ជាប់​ទៅនឹង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកលលោក​ផងដែរ” ។

ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម បានរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ធ្វើជា​ផែនទី​បង្ហាញផ្លូវ ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលជា​វិស័យ​ថ្មី​មួយ​ប្រកបដោយ​សក្តានុពល​ខ្ពស់ ក្នុងការ​បង្កើត​ប្រភព​កំណើន​ថ្មី សម្រាប់​សេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here