គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ទទួលបាន​ប្រាក់ចំណូល​ជាង១១០លាន​ដុល្លារគិត​ត្រឹម​ត្រីមាស​ទី៣ឆ្នាំនេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម.ក មាន​ចំណូល​ការប្រាក់​សរុប​ចំនួន ជាង១១០លាន​ដុល្លារ​អាមេរិក គិត​ត្រីមាស​ទី៣ ឆ្នាំ២០២០នេះ កើនឡើង៩,៧៦%ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បានដាក់របាយការណ៍ហិរញ្ញវត្ថុជូនទី​ផ្សារ​មូល​ប​ត្រ​កម្ពុជា​នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។

ជាមួយគ្នានេះដែរ ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​ការិយបរិច្ឆេទ នៃ​ការបញ្ចប់៣ខែ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២០ សរុប​ចំនួន១០៤.០៤៣លាន​រៀល ថយចុះ​ចំនួន ១.២៨១ លាន​រៀល ស្មើនឹង -១,២២% បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី៣ ឆ្នាំ២០១៩ ។

សម្រាប់​រយៈពេល៩ខែ គិត​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ម.ក មាន​ចំណូល​ការប្រាក់​សរុប​ចំនួន១.២៨៥.១៨៨លាន​រៀល កើនឡើង​ចំនួន១៧៤.៧៨៥ លាន​រៀល ស្មើនឹង ១៥,៧៤% បើ​ធៀប​នឹង​រយៈពេល៩ខែ គិត​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និង​ប្រាក់ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ មាន​ចំនួន ២៥៦.៣៧៨ លាន​រៀល ថយចុះ​ចំនួន ៣៩.៣១២ លាន​រៀល ស្មើនឹង -១៣,៣០% បើ​ធៀប​នឹង​រយៈពេល ៩ខែ គិត​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្ម​សរុប​រប​ស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ម.ក មាន​ចំនួន១៣.៦៩១.៣៧៧លាន​រៀល កើន​ចំនួន៨,៤៣% និង​មូលធន​សរុប​មាន​ចំនួន១.៩៣៨.៤៣៩ លាន​រៀល កើន​ចំនួន២៦៧.៦៥២ លាន​រៀល ស្មើនឹង១៦,០២% បើ​ធៀប​នឹង​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម.ក មាន​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ពី​ធនាគារជាតិ​នៃ​កម្ពុជា។ ក្នុង​ខែកញ្ញា ឆ្នាំ២០២០  ប្រា​សាក់ នៅតែ​បន្ត​ក្នុងការ​នាំមុខ​ទីផ្សារ បើ​គិតពី ទ្រព្យសកម្ម ឥណទាន​ដុល ប្រាក់​បញ្ញើ​របស់​អតិថិជន និង​ប្រាក់ចំណេញ​សុទ្ធ។ តាមរយៈ​ការពង្រីក​សាខា​រហូតដល់ ១៨១ សាខា និង​ម៉ាស៊ីន​អេ​ធី​អឹម ចំនួន ១៣៩គ្រឿង គ្របដណ្តប់​ទូទាំងប្រទេស ប្រា​សាក់ ផ្តល់នូវ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ច្រើន សម្បូរបែប​ដល់​សហគម​ន៍ និង​សហគ្រាស​ខ្នាតតូច​បំផុត​នៅ​ជនបទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here