ទោះមានឧបសគ្គដោយសារកូវីដ១៩ ពិព័រណ៍ការងារថ្នាក់ជាតិនៅតែប្រព្រឹត្តិតាមអនឡាញ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ដោយសារតែស្ថានភាពកូវីដ១៩ នៅកម្ពុជា ហាក់បង្ហាញពីហានិភ័យឡើងវិញក្រោយមានការឆ្លងទៅលើពលរដ្ឋកម្ពុជាពីព្រឹត្តិការណ៍៣វិច្ឆិកា ព្រឹត្តិការណ៍ពិព័រណ៍ការងារនិងផលិតភាពជាតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៤ ដល់ថ្ងៃទី១៥ខែវិច្ឆិកា ២០២០ នៅតែធ្វើឡើងដដែល តែបានបង្វែរមកធ្វើតាមរយៈប្រព័ន្ធអនឡាញវិញ។

ព្រឹត្តិការណ៍នេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសការងារដល់អ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងក្រុមហ៊ុនជាច្រើនក្នុងស្រុក និងពីបរទេស។

បើតាមលោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថាគោល បំណង នៃការរៀបចំពិព័រណ៍នេះ ដើម្បីរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ ពិសេសនិយោជកដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ដែលកំពុងមានសំទុះតម្រូវការងើបឡើងវិញនៅតាមវិស័យមួយចំនួន ចំណែកអ្នកស្វែងរកការងារអាចដាក់ពាក្យស្នើសុំការងារដោយងាយស្រួលពីគ្រប់ទីកន្លែង ទោះបីរងការគំរាមកំហែងដោយកូវីដ-១៩ ក្តី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតបន្តថា ការរៀបចំនេះគឺជាការចូលរួមចំណែករបស់ ទីភ្នាក់ងារជាតិមុខរបរនិងការងារ ( NEA) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកបដោយភាពបត់បែន ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់លើវិធានការអនាម័យ និងសុខភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។

ដើម្បីចៀសវាងការជួបជុំគ្នា រក្សាគម្លាតសង្គម និងចូលរួមបង្ការទប់ស្កាត់ករណីរីករាលដាលថ្មីនៃជំងឺឆ្លងកូវីដ-១៩ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការកែសម្រួល «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០»។

ពិព័រណ៍នេះ គ្រោងរៀបចំរយៈពេល ០២ថ្ងៃ ចាប់ថ្ងៃទី១៤ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរក្សាទុកការប្រារព្វកម្មវិធីអនឡាញតាមរយៈគេហទំព័រ www.careerfair.nea.gov.kh តាមកាលបរិច្ឆេទដដែល គឺថ្ងៃទី១៤ និង១៥ ខែវិច្ឆិកា ២០២០ ក៏ប៉ុន្តែ ពន្យាពេលការតាំងបង្ហាញ និងជួបផ្ទាល់របស់និយោជកនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅពេលវេលាសមស្របរហូតដល់មានការជូនដំណឹងជាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here