កម្ពុជា និងកូរ៉េខាងត្បូង នឹងចាប់ផ្តើមពិភាក្សាលម្អិតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃស្អែក

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ប្រទេសកូរ៉េខាងត្បូង និងកម្ពុជា នឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មសេរីជុំទី៣ នៅសប្តាហ៍នេះ ដើម្បីពិភាក្សាពីសេចក្តីលម្អិត ស្របតាមការខិតខំរបស់ក្រុងសេអ៊ូលក្នុងការធ្វើពិពិធកម្មផលប័ត្រនាំចេញរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។

យោងតាមក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ថា ការប្រជុំតាមរយៈ Video Conference រយៈពេល ៣ថ្ងៃនេះ ដែលមានគោលដៅបង្កើតសេចក្តីព្រាងកិច្ចព្រមព្រៀងចុងក្រោយនៅចុងឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ស្អែកនេះ។

ប្រទេសទាំងពីរបានធ្វើកិច្ចចរចាជុំទី១ កាលពីខែកក្កដា ហើយបានការចរចាជុំទី២ កាលពីថ្ងៃទី ៣១ ខែសីហាដល់ថ្ងៃទី ២ ខែកញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួង បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាង ៧ ភាគរយចាប់តាំងពីឆ្នាំ ២០១១។ ដោយប្រហែល ៧២ ភាគរយនៃប្រជាជនមានអាយុក្រោម ៣៥ ឆ្នាំ ឡើង កម្ពុជាគឺជាប្រទេសមួយដែលមានសក្តានុពលកំណើនខ្ពស់”។

ក្រសួងបានបន្ថែមថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយកម្ពុជា រួមជាមួយ FTA ដែលមានស្រាប់ជាមួយអាស៊ាននឹងបង្កើតបរិយាកាសពាណិជ្ជកម្មអំណោយផល និងបង្កើនការប្រកួតប្រជែងរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យមានការរៀបចំសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់សម្តេច ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងមូន ជេអ៊ីន នៅរាជធានីភ្នំពេញនៅខែមីនាឆ្នាំ ២០១៩។

ប្រទេសទាំងពីរបានចាប់ផ្តើមសិក្សារួមគ្នាលើកិច្ចព្រមព្រៀងនេះ ចាប់ពីខែមករាដល់ ខែឧសភាឆ្នាំនេះ ហើយបានប្រកាសថា ប្រទេសទាំងពីរបានចាប់ផ្តើមដំណើរការការចរចាជាផ្លូវការនៅក្នុងខែកក្កដា។

ទំហំពាណិជ្ជកម្មរួមគ្នារវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុ ១,០៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការនាំចេញរបស់កូរ៉េខាងត្បូង សម្រេចបាន ៦៩៧ លានដុល្លារ កើន ៥,៥ ភាគរយធៀបនឹងឆ្នាំមុន។

ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី ៥៨ សម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៩។

កូរ៉េខាងត្បូងភាគច្រើននាំចេញរថយន្តដឹកទំនិញ ភេសជ្ជៈ និងវាយនភ័ណ្ឌមកកម្ពុជា ខណៈពេលដែលនាំចូលសម្លៀកបំពាក់ និងស្បែកជើងពីប្រទេសកម្ពុជា។

ទីក្រុងសេអ៊ូលបាននិងកំពុងដាក់ចេញនូវ គោលនយោបាយថ្មីភាគខាងត្បូង ដែលមានគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់ទីក្រុងសេអ៊ូលជាមួយដៃគូអាស៊ី ដែលកំពុងរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន ឬសហរដ្ឋអាមេរិក។

ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេពីរនៅលើពិភពលោក មានចំនួនប្រហែល ៤០ ភាគរយនៃការនាំចេញរបស់កូរ៉េខាងត្បូង ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះពីការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារភាពតានតឹងដែលកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។

នៅពេលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ប្រទេសកម្ពុជានឹងត្រូវបញ្ចូលទៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសេរីដាច់ដោយឡែករបស់កូរ៉េខាងត្បូងនៅអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នគ្របដណ្តប់លើប្រទេសវៀតណាម និងសឹង្ហបុរី។

ទីក្រុងសេអ៊ូល និងទីក្រុងម៉ានីលបានធ្វើកិច្ចចរចាផ្លូវការជុំទី៥ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរនៅក្នុងខែមករា។ កិច្ចពិភាក្សាជាមួយប្រទេសម៉ាឡេស៊ីក៏កំពុងដំណើរការ ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយឥណ្ឌូណេស៊ីក៏កំពុងរង់ចាំពិធីចុះហត្ថលេខាជាផ្លូវការផងដែរ៕ (Yonhap)

LEAVE A REPLY

Please enter your comment!
Please enter your name here