រដ្ឋាភិបាល​អះអាងថា ការចរចា​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ នឹង​បញ្ចប់​នៅត្រឹមដំណាច់​ឆ្នាំនេះ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើ​កក​នាំ​កិច្ចប្រជុំ​ចង្អៀត​អន្តរក្រសួង ពិនិត្យ និង​ពិភាក្សា​លើ​លទ្ធផល​នៃ​ការចរចា​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ ដើម្បី​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​នេះ នៅត្រឹម​ដំណាច់ឆ្នាំ២០២០ ដូចដែល​បាន​ព្រមព្រៀងគ្នា​រវាង​ភាគី​ទាំងពីរ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ( គ. ស . ហ)កាលពី​ព្រឹក​ថ្ងៃទី២ តុលា​កន្លងមកនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​អន្តរក្រសួង ពិនិត្យ​និង​ពិភាក្សា​លើ​លទ្ធផល​នៃ​ការចរចា​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ ដើម្បី​បានជា​គោលការណ៍ និ​អនុសាសន៍​ណែនាំ​បន្ថែម សម្រាប់​ផ្តល់ជូន​ក្រុមការងារ​ចរចា​បានជា​មូលដ្ឋាន​សម្រាប់​ការចរចា​នៅ​ជុំ​បន្តបន្ទាប់ ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស៊េរី​នេះ បាន​ផ្តួចផ្តើមឡើង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ពេលដែល​ឯកឧត្តម​ប្រធានាធិបតី​សា​ធា​រណះ​កូរ៉េ រឿន ជេ​ហ្ស៊ី​ន អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​រាជធានី​ភ្នំពេញ​កាលពីពេល​កន្លងមក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែម​លើ​យន្ត​ការដែល​កំពុង​អនុវត្តន៍ កិច្ចព្រមព្រៀង មាន​គោលបំណង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង នូវ​ការ​ឈានចូល​នៃ​ផលិតផលរ បស់​ភាគី​ទាំងពីរ​ទៅក្នុង​ទីផ្សារ​ទៅវិញទៅមក តាមរយះ​ការកាត់បន្ថយ​របាំង​ពន្ធគយ និង​របាំង​មិនមែន​ពន្ធ​តយ ព្រមទាំង​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ក៏ដូចជា​ដើម្បី​ចូលរួមចំណែក​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ ។

ក្រុមការងារ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ បានធ្វើ​ការចរចា​ចំនួន ២ ដុំ រួចមកហើយ តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ​កាលពី​ថ្ងៃទី ៣១ ខែ សីហា ដល់​ថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ ២០២០ កន្លងមក ។

អង្គប្រជុំ​បានធ្វើការ​ក​ត់ សម្គាល់​លទ្ធផល​នៃ​ការចរចា​ចំនួន២ជុំ​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព ដែល​ទទួលបាន​របស់​ក្រុមការងារ ចរចា​តាម​ផ្នែកនីមួយៗ ព្រមទាំង​បានផ្តល់​ការណែនាំ​គន្លឹះ លើ​កិច្ចការ​ជាក់លាក់​មួយចំនួន​បន្ថែ​ម​ទៀត ដល់​ក្រុមការងារ​ចរចា ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការចរចា​នៅ​ដំ​បន្តបន្ទាប់ សំដៅ​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​នេះ​នៅត្រឹម​ដំណាច់​ឆ្នាំនេះ ដូចដែល​បាន​ព្រមព្រៀងគ្នា​រវាង​ភាគី​ទាំងពីរ ។

ការចរចា​កិច្ចព្រមព្រៀង​នេះ ក៏បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​យ៉ាង មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការ​បន្តធ្វើ សមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ទៅក្នុង​តំបន់ និង​សាកលលោក ទោះ​ក្នុងស្ថានភាព​ដ៏​លំបាក​នាពេល​បច្ចុប្បន្ន ដើម្បី​ទទួលបាន​នូវ​ទីផ្សារ​នាំចេញ សម្រាប់​ផលិតផល​របស់​កម្ពុជា ដែលមាន​លក្ខណៈ​កាន់តែ​សំបូរបែប និង​ប្រសើរ​ជាង​មុន ក៏ដូចជា​ចូលរួមចំណែក​បង្កើត​ឱកាស​ការងារ កាន់តែច្រើន​ជូន​ប្រជាពលរដ្ឋ។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​នឹងមាន​ឱកាស​កាន់តែ​ប្រសើរ​ជាង មុន​លើ​ការនាំចេញ​ផលិតផល​សក្តានុពលរ​បស់​ខ្លួន ទៅកាន់​ទីផ្សារ​របស់​កូរ៉េ ដែល​កម្ពុជា​មិនមាន​នៅក្នុង​យន្តការ​បច្ចុប្បន្ន​រវាង​កម្ពុជា និង កូរ៉េ។

ក្រៅពី​របាំង ពន្ធគយ​ត្រូវបាន​កាត់បន្ថយ​នោះ, វិធានការ​មិនមែន​ព​ន្ធ និង​វិធាន​ដើមកំណើត ក៏ដូចជា បែបបទ និង​នីតិវិធី​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម ក៏ត្រូវ​បានធ្វើឱ្យ ប្រសើរឡើង និង​មាន​លក្ខណៈសាមញ្ញ​ជាង​មុន ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

ផលប៉ះពាល់ វិជ្ជមាន​ដែល​កើតចេញពី​កិច្ចព្រមព្រៀង​នេះ នឹងចូលរួម​ចំណែក​អភិវឌ្ឍន៍ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here