កម្ពុជាគ្រោងកាត់បន្ថយអត្រាស្ត្រីមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុមកនៅត្រឹម១៣ភាគរយក្នុងឆ្នាំ២០២៥

    ដោយៈលក្ខិណា

ភ្នំពេញៈ អត្រាស្ត្រី មិនទាន់ទទួលបានទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងកម្ពុជា នៅតែមានតួលេខខ្ពស់គឺក្នុងរង្វង់២៧ភាគរយ ខណៈសហគ្រិននៅក្នុងប្រទេសកម្ពុជា ភាគច្រើនជាស្ត្រីនិងស្ត្រីជាអ្នកដឹកនាំសហគ្រាស។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារជាតិនៃកម្ពុជា គ្រោងនឹងកាត់បន្ថយអត្រាស្ត្រី ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឱ្យបានពាក់កណ្ដា​លពី២៧ភាគរយ មកនៅត្រឹម១៣ភាគរយនៅត្រឹមឆ្នាំ២០២៥ ។

ដើម្បីជំរុញឱ្យស្ត្រីនៅកម្ពុជា កាន់តែទទួលបានសេវាហិរញ្ញវត្ថុកាន់តែច្រើនសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគ​មមីក្រូហិរញ្ញវត្ថុកកម្ពុជា បានរួមគ្នាប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិថី លទ្ធភាព ទទួលបានហិរញ្ញប្បទាន ដោយផ្ដោតសំខាន់លើសហគ្រិនស្ត្រី នៅកម្ពុជាផងដែរ ។

លោកជំទាវបណ្ឌិតជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ក្នុងការដាក់ដំណើរការកម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន កាលពីចុងសប្ដាហ៍កន្លងទៅនេះថា កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ – ២០២៥ ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួ​លបានសេវាហិរញ្ញវត្ថុ ឱ្យបានពាក់កណ្តាល ពី២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី៥៩% ទៅ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើ ងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ បានលើកទឹកចិត្តគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យយកចិត្តទុកដាក់ផ្តល់ឥណទាន ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយពិចារណាលើលទ្ធភាពនៃការសង ជាជាងទ្រព្យធានា ។

លោកស្រី សាប៊ីន យ៉ៅ អគ្គនាយិកាប្រចាំប្រទេសអង្គការផេកប្រចាំកម្ពុជាបានឱ្យដឹងថា យើងត្រូវធ្វើការជាមួយគ្នា ដើម្បីគាំទ្រសហគ្រិន រួមទាំងសហគ្រិនស្ត្រី ដែលមានប្រមាណ៣៥០,០០០នាក់ នៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលពួកគេកំពុងជួបប្រទះ ជាពិសេសការមិនមានទ្រព្យបញ្ចាំ ដើម្បីទទួលបានប្រាក់កម្ចី។

លោកស្រីថា “សហគ្រិនស្ត្រី ដែលស្ថិតក្នុងសហគ្រាសធុនមីក្រូ និងតូច គួរតែត្រូវបានផ្តោតកាន់តែច្រើន”។

លោក Raymond Sia ប្រធានសមាគមធនាគារកម្ពុជា បានលើកឡើងថា កម្មវីធីលទ្ធភាពទទួលបានហិរញ្ញប្បទាននេះ គឺជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ – ២០២៥។

លោកបន្តថា កម្មវិធីថ្ងៃនេះនឹងក្លាយជាវេទិកា ផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពិសេសសហគ្រិនស្ត្រី ដើម្បីជួបគ្នា និងជជែកគ្នាអំពីតម្រូវការនានា ដែលពាក់ព័ន្ធនឹងកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here