ជប៉ុនផ្តល់ជំនួយឥតសំណងជាង៧០ម៉ឺនដុល្លារ ដល់គម្រោងចំនួន៣នៅកម្ពុជា

ដោយ៖ សុធារី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ជំនួយជាថវិកាសរុប ៧២៨.៥០១ដុល្លារអាមេរិក ដល់អង្គភាពចំនួន៣ ជាជំនួយឥតសំណង សម្រាប់ការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ដើម្បីអនុវត្តការវះកាត់កុមារ ការពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ និងការកែលម្អបរិស្ថានសិក្សា តាមរយៈការសាងសង់ សាលាបឋមសិក្សា។

ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង៣។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១៖ គម្រោងសម្រាប់សល្យសាស្រ្តកុមារ ប្រចាំខេត្តក្រចេះ (ឆ្នាំទី៣) នូវថវិកាជំនួយ ១២៥.០១២ដុល្លារអាមេរិក) ដល់ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDE)។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកពេទ្យ ដែលនឹងត្រូវបានបណ្តុះបណ្តាលដោយគម្រោង ក៏ដូចជាប្រជាជនដែលត្រូវការការព្យាបាលវេជ្ជសាស្ត្រនៅក្នុងខេត្តក្រចេះ។

ទី២៖ គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ក្នុងខេត្តកំពង់ចាម (ឆ្នាំទី៣) នូវថវិកាចំនួន ២០០.៩០៦ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ)។
អង្គការ PHJ ក៏នឹងផ្តល់ការអប់រំផ្នែកអាហារូបត្ថម្ភជាមួយនឹងការបណ្តុះបណ្តាលផ្នែកធ្វើម្ហូប ដើម្បីបង្កើនចំណេះដឹងរបស់អ្នកភូមិដែលមានកូនតូចៗ។ តាមរយៈគម្រោងនេះ កុមារអាយុក្រោមប្រាំឆ្នាំ ចំនួន៤.៦៦៩នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រឹងចំណេះដឹងរបស់ឪពុកម្តាយរបស់ពួកគេ ដែលនាំឱ្យពួកគេលូតលាស់ដោយមានសុខភាពល្អទៅអនាគត។

ទី៣៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សា តាមរយៈការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា ក្នុងខេត្តបាត់ដំបង (ថវិកាចំនួន ៤០២.៥៨៣ដុល្លារអាមេរិក) ដល់អង្គការសន្តិស្ម័គ្រចិត្ត (SVA)។

តាមរយៈគម្រោងនេះ សិស្សានុសិស្ស និងគ្រូចំនួន១.១៤០នាក់ នៅសាលារៀនគោលដៅទាំងនោះនឹងអាចសិក្សាក្នុងបរិស្ថាន ដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន និងទទួលបានការអប់រំប្រកបដោយគុណភាពប្រសើរជាងមុន។

កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៤៥លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៣៨ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានបន្តថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់កម្ចីហិរញ្ញប្បទាន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងការស្តារផ្លូវជាតិលេខ៥ ក៏ដូចជាសម្រាប់ការគាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ១៩ ជាមួយនឹងទឹកប្រាក់ចំនួន២០ពាន់លានយនបន្ថែមទៀត។

បន្ថែមពីនេះលោកបានបញ្ជាក់ថា ការគាំទ្រទ្រង់ទ្រាយធំបែបនេះ ទំនោរជាទទួលបានការចាប់អារម្មណ៍ច្រើនពីប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុន ចាត់ទុកថាវាមានសារៈសំខាន់ស្មើគ្នាក្នុងការផ្តល់ការគាំទ្រនៅតាមតំបន់ជនបទដោយធ្វើការជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់ តាមរយៈការប្រើប្រាស់ជំនួយឥតសំណងគូសាណូព្យ និងជំនួយឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោកយ៉ាងណាក៏ដោយ ប្រទេសជប៉ុននឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here