ផ្សារមូលបត្រកម្ពុជានៅក្នុងឆ្នាំ២០២១បានបំបែកកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីបើកដំណើរការទីផ្សារមក

ដោយ៖ លក្ខិណា

ភ្នំពេញ: យោងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាចេញផ្សាយថ្ងៃទី១៧ មករា ២០២២ឱ្យដឹងថា ឆ្នាំ២០២១កន្លងនេះ ផ្សារមូលបត្រកម្ពុជា បានចុះបញ្ជីក្រុមហ៊ុននៅលើទីផ្សារកំណើនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលក្រុមហ៊ុនមាននិមិត្តសញ្ញាមូលបត្រ DBDE ហើយក៏បានចុះបញ្ជីមូលបត្របំណុលសាជីវកម្មឯកជនជាលើកដំបូងបង្អស់ផងដែរគឺជាមូលបត្របំណុលរបស់ក្រុមហ៊ុនថែលកូថេក ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

ក្នុងសេចក្ដីប្រកាសឱ្យដឹងថា បរិមាណ និងតម្លៃជួញដូរភាគហ៊ុនជាមធ្យមនៅលើផ្សារមូលបត្រកម្ពុជានៅក្នុងឆ្នាំ ២០២១បានបំបែកកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីបើកដំណើរការទីផ្សារ គឺមានចំនួនជាង២៣ម៉ឺនភាគហ៊ុន និងប្រមាណជាង១ពាន់លានរៀលក្នុងមួយថ្ងៃ ។ បើធៀបនឹងឆ្នាំ២០២០ ទំហំនិងបរិមាណនិងតម្លៃជួញដូរជាមធ្យមមានការកើនឡើងប្រមាណ ៤០០ភាគរយ និង១២៧ភាគរយរៀងគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

កំណើននេះជាសញ្ញាណនៃការបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។ រីឯចំនួនគណនីជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជាបានកើនឡើងជាង៤ពាន់គណនីក្នុងឆ្នាំ២០២១ ពោលគឺកើនឡើងដល់ជាង៣ម៉ឺនគណនី ។

លើសពីនេះ ទៅទៀត ចំនួនអ្នកមានគណនី ជួញដូរចល័តសរុបក៏បានកើនឡើងប្រមាណ៧ពាន់គណនី ផងដែរ ហើយចំនួននៃការបញ្ជាទិញតាមរយៈគណនីជួញដូរចល័តវិញបានកើនឡើង១២ម៉ឺន៥ពាន់ល់៤៧ម៉ឺន៧ពាន់បញ្ជា ដែលជាកំណើន២៨១ភាគរយធៀបនឹងឆ្នាំ ២០២០ ។

សម្រាប់ឆ្នាំ២០២២នេះ ដើម្បីពង្រីកនិងពន្លឿនការអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា ផ្សារមូលបត្រក៏មានយុទ្ធសាស្ត្រគឺធ្វើយ៉ាងណាត្រូវបង្កើនការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារ ។

ដើម្បីបង្កើនការផ្គត់ផ្គង់ផលិតផលមូលបត្រនៅក្នុងផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនបនាផ្ដោតលើយុទ្ធសាស្ត្រពីរសំខាន់រួមមាន ១ បង្កើនចំនួនការចុះបញ្ជីមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលដែលមានស្រាប់ដោយផ្ដោតសំខាន់លើសហគ្រាសធុនតូចនិងមធ្យម មកពីវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ សេវាថែទាំសុខភាព ភស្តុភារកម្ម និងអាហារនិងភេសជ្ជៈ ដែលកំពុងតែមានកំណើ និងយុទ្ធសាស្ត្រទី២ បង្កើតប្រភេទផលិតផលមូលបត្រថ្មីដើម្បីចុះបញ្ជីនៅក្នុងទីផ្សារ ដែលផលិតផលថ្មីៗដែលគ្រោងនឹងបង្កើតឡើងនៅក្នុងឆ្នាំ២០២២នេះ ដូចជាមូលបត្របំណុលរដ្ឋាភិបាល គម្រោងវិនិយោគរួម ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនដែលមានស្រាប់ដោយមិនចាំបាច់បោះផ្សាយភាគហ៊ុនថ្មី ការចុះបញ្ជីក្រុមហ៊ុនមេ រួមជាមួយផលិតផលថ្មីៗផ្សេងទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here