ក្នុងឆ្នាំ២០២១ ចរន្តប្រាក់ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកមានរហូតដល់ជិត២០០ពាន់លានដុល្លារ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ប្រព័ន្ធទូទាត់ប្រាក់ តាមបច្ចេកវិទ្យាអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យកំណើននៃអ្នកទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងកំណើនទឹកប្រាក់ឆ្លងកាត់តាមប្រព័ន្ធអេឡិចត្រូនិកមានរហូតដល់ជិត២០០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១កន្លងទៅនេះ។

យោងតាមលោកអ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់នៃ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ឆ្នាំ២០២១ ការទូទាត់តាមអេឡិចត្រូនិកបានកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំ២០២០ ដោយប្រតិបត្តិការទូទាត់មានចំនួន ៦៩៨,៨លានប្រតិបត្តិការ គិតជាទឹកប្រាក់១៩៩,៧៦ ពាន់លានដុល្លារអាមេរិក ស្មើនឹង៧៨៧ភាគរយនៃផលិតផលសរុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ជាមួយការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន បានដាក់ឱ្យប្រើប្រាស់សេវាផ្ទេរប្រាក់ និងទូទាត់ឆ្លងដែនតាមរយៈមធ្យោបាយឌីជីថល បន្ថែមពីលើការផ្តល់សេវាតាមភ្នាក់ងារ និងបញ្ជរ ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ក៏បានលើកឡើងផងដែរថា នៅក្នុងវិបត្តិកូវីដ១៩រយៈពេល២ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាបានផ្លាស់ប្តូរឥរិយាបថនៅក្នុងវិស័យហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់។ កាលពីមុន ពលរដ្ឋច្រើនតែធ្វើប្រតិបត្តិការទូទាត់ការចំណាយនានានៅតាមបញ្ជរឬដោយផ្ទាល់ ប៉ុន្តែដោយសារតែ កូវីដ១៩ បានធ្វើឱ្យពលរដ្ឋខ្លាចរអារក្នុងការជួបគ្នាផ្ទាល់ និងវិធានការការពារផងដែរនោះ ក៏បង្វែទៅជាការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាវិញ ក្នុងនោះការទូទាត់តាមម៉ូបាលអេបក៏កាន់តែមានកំណើនឡើងខ្ពស់។

លោកបានបន្តថា ប្រជាពលរដ្ឋមានទូរសព្ទដៃមួយគ្រឿងដែលអាចប្រើប្រាស់អ៊ីនធើណេតបានហើយទាញយកកម្មវិធីម៉ូបាលអេបរបស់ធនាគារណាមួយគឺដូចជាមានអគ្គនាយកធនាគារមួយនៅក្នុងផ្ទះអញ្ចឹងដែរ ដោយពួកគេអាចធ្វើការទូទាត់ អាចបញ្ជាទិញទំនិញ និងផ្ទេរប្រាក់ឱ្យគ្នាទៅវិញទៅមកបានគ្រប់ពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរចេញក្រៅផ្ទះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here