លោក វេង សាខុន៖ ការវិនិយោគរបស់ក្រុមហ៊ុនចិននឹងចូលរួមបំពេញបន្ថែមនូវខ្សែច្រវាក់ផលិតកម្មផ្លែឈើកម្ពុជា

ដោយ៖ សុធារី

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមករានេះបានមានប្រសាសន៍ថា សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិន គឺពិតជានឹងចូលរួមបំពេញបន្ថែមនូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ។

ក្នុងឱកាសជំនួបសម្តែងការគួរសមពីក្រុមហ៊ុន ហ័រឡុង ទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជារួមនិងទាក់ទិននឹងផលិតផលផ្លែឈើកម្ពុជា និងទីផ្សារ រវាងកម្ពុជា-ចិន លោក វេង សាខុន បានបញ្ជាក់ថា យោងលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ បានទាក់ទាញវិនិយោគិនចិនជាច្រើនមកវិនិយោគលើវិស័យកសិកម្ម។

ក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ គឺក្រុមហ៊ុនហ៊ុនទី ដែលបានដាក់ទុនវិនិយោគបង្កើតមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម លើផ្ទៃដី ៨០ហ.ត ដោយធ្វើការបែងចែកទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារ ពិពណ៌កសិផលកន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន ចេក ដូង និងផលិតផលវារីវប្បកម្មផងដែរ។ល។ ដើម្បីជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា រដ្ឋាភិបាលចិនបានឧបត្ថម្ភមន្ទីរពិសោធន៍ ថ្នាំការពារជំងឺឆ្លងគោ-ក្របី និងជំងឺដំពកស្បែកគោផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកនាយកក្រុមហ៊ុន បានលើកឡើងថាកម្ពុជា ជាមិត្តរបស់ចិន ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្ត្រពេញលេញ។ កិច្ចសហប្រតិបត្តិការចិន-កម្ពុជាលើវិស័យកសិកម្មបានប្រព្រឹត្តទៅក្នុងរបៀបវារៈរបស់ប្រមុខរដ្ឋទាំងពីរនៅ ក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកដំបូង។

លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបានមកធ្វើការវិនិយោគលើវិស័យកសិកម្ម លើផលិតកម្មដំណាំ វារីវប្បកម្ម មជ្ឈមណ្ឌលទីផ្សារកសិផល ពិពណ៌កសិផល កន្លែងកែច្នៃ វេចខ្ចប់ ធ្វើអនាម័យ កន្លែងសម្លាប់សត្វល្អិតចង្រៃ។ ការវិនិយោគនេះ គឺមានបំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងស្តងដារទីផ្សារនាំចេញ។

លោកសង្ឃឹមថា នាពេលអនាគតដ៏ខ្លី សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិនដែលបាននិងកំពុងដំណើរការ នឹងធ្វើឱ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនកាន់តែច្រើនឡើងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here