តើជម្រើសបង់សងថេរនិងបង់ថយ មួយណាចំណេញជាង?

ដោយ៖ សុធារី

ភ្នំពេញ៖ សម្រាប់អ្នកដែលចង់ខ្ចីលុយធនាគារ ឬបង់រំលោះ តើគួរជ្រើសរើសជម្រើសបង់សងថេរ ឬបង់ថយ? តើជម្រើសមួយណាសម្រួលលទ្ធភាពក្នុងការបង់ប្រចាំខែរបស់យើង? ហើយជម្រើសមួយណាចំណេញជាង?

ការបង់សងប្រចាំខែនេះ គឺយើងសងទាំងដើម ទាំងការប្រាក់ ដែលការបង់ប្រចាំខែ = ចំណែកបង់ដើម + ចំណែកបង់ការប្រាក់។

១. ការបង់ថេរ (annuity mortgage)៖ ជាការបង់ប្រចាំខែនៅក្នុងតម្លៃថេរមួយ រហូតដល់ពេលដែលសងអស់លុយដែលខ្ចី។ សម្រាប់ការបង់ប្រភេទនេះ ចំណែកបង់ដើម គឺតិចជាងចំណែកបង់ការប្រាក់ នៅក្នុងឆ្នាំដំបូងៗ តែយូរៗទៅ ចំណែកបង់ដើមក៏កើនឡើង ច្រើនជាងចំណែកបង់ការប្រាក់វិញ នៅឆ្នាំក្រោយៗ។

ឧទាហរណ៍៖ ខ្ញុំខ្ចីលុយពីធនាគារ ដើម្បីទិញផ្ទះតម្លៃ ១០០.០០០ ដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ ជាមួយការប្រាក់ ៨% ក្នុងមួយឆ្នាំ។ បើខ្ញុំជ្រើសរើសបង់ថេរនោះ គឺត្រូវបង់ប្រចាំខែ ១.២១៣ ដុល្លារថេររហូតតែម្ដង។ ខ្ញុំបង់ដើមបានតែ ៥៤៦ ដុល្លារក្នុងខែទី១ តែបង់ការប្រាក់ដល់ ៦៦៦ ដុល្លារ ប៉ុន្តែយូរៗទៅគឺខ្ញុំត្រូវបង់ដើមច្រើនទៅៗ រហូតដល់ខែចុងក្រោយគឺត្រូវបង់ដើម ១.២០៥ ដុល្លារ ហើយបង់ការប្រាក់តែ ៨៣ ដុល្លារប៉ុណ្ណោះ ។ បើសរុបការប្រាក់ដែលខ្ញុំត្រូវបង់រយៈពេល ១០ឆ្នាំនេះ គឺអស់ ៤៥.៥៩៣ ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ការបង់ថយ (linear mortgage)៖ ជាការបង់ប្រចាំខែ ដែលចំណែកបង់ដើមគឺថេររហូតដល់សងអស់ ប៉ុន្តែចំណែកបង់ការប្រាក់ដំបូងគឺច្រើន ប៉ុន្តែយូរៗទៅ ចំណែកបង់ការប្រាក់នឹងធ្លាក់ចុះបន្តិចម្ដងៗ។ នេះមានន័យថា បើយើងសម្រេចចិត្តបង់ថយ គឺនៅឆ្នាំដំបូងៗ, យើងត្រូវបង់ប្រចាំខែច្រើនជាការបង់ថេរ ប៉ុន្តែយូរៗទៅការបង់ប្រចាំខែនេះនឹងថយបន្តិចម្ដងៗ។

ឧទាហរណ៍៖ ខ្ញុំមានកម្ចីទិញផ្ទះដដែល ជាមួយលក្ខខណ្ឌដូចខាងលើ តែលើកនេះខ្ញុំជ្រើសរើសបង់ថយ។ ខ្ញុំត្រូវបង់ដើម ៨៣៣ ដុល្លារថេររហូត ហើយបង់ការប្រាក់ខែដំបូង ៦៨៩ ដុល្លារ សរុបគឺត្រូវបង់ប្រចាំខែ ១.៥២២ ដុល្លារ នៅខែទី១នេះ។ យូរៗទៅ ការបង់ប្រចាំខែក៏ចាប់ផ្ដើមថយចុះ ដោយសារការបង់ការប្រាក់ថយចុះបន្តិចម្ដងៗ រហូតដល់ខែចុងក្រោយ, ខ្ញុំត្រូវបង់តែដើម ៨៣៣ ដុល្លារតែប៉ុណ្ណោះ។ ការប្រាក់ដែខ្ញុំបានបង់រយៈពេល១០ឆ្នាំ គឺអស់ ៤០.៨៩២ ដុល្លារ។

តើគួរជ្រើសរើសការបង់មួយណា? ប្រសិនបើអ្នកទាំងអស់គ្នាមានលទ្ធភាពក្នុងការបង់ប្រចាំខែច្រើន នៅឆ្នាំដំបូងៗ នោះគួរជ្រើសយកការបង់ថយ ព្រោះចំណេញការប្រាក់បានច្រើនជាង។ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាមិនមានលទ្ធភាពបង់ប្រចាំខែច្រើន នៅឆ្នាំដំបូងៗ ឬគិតថាអាចយកលុយទៅវិនិយោគវិញ ដោយទទួលបានប្រាក់ចំណេញច្រើនជាងការប្រាក់ដែលត្រូវបង់ នោះអាចជ្រើសរើសការបង់ថេរបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here