អ្នកជំនាញ៖ ទីផ្សារធានារ៉ាប់រងកម្ពុជានៅតែរីកចម្រើនទោះរងវិបត្តិកូវីដ១៩ក្តី

ដោយ៖ សុធារី

ភ្នំពេញ៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាបរងកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២១ បុព្វលាភធានារ៉ាបរងកម្ពុជា បានកើនដល់ប្រមាណ៣០០លានដុល្លារអាមេរិក បើទោះបីជាសកលលោក រងវិបត្ដិជំងឺកូវីដ-១៩ក៏ដោយ។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា “បើទោះបីជាសកលលោក រងវិបត្ដិជំងឺកូវីដ-១៩ក៏ដោយ ក៏បុព្វលាភធានារ៉ាប់រងកម្ពុជា នៅឆ្នាំ២០២០ នៅតែបន្ដកើនឡើង ប្រមាណ២៧៧លានដុល្លារអាមេរិក ប្រមាណ៨ភាគរយ និងកើនដល់ប្រមាណ៣០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២១”។

បន្ថែមពីនោះទៀត អគ្គនាយកនិយ័តករធានារ៉ាបរងកម្ពុជា បានកត់សម្គាល់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយកំណើនប្រចាំឆ្នាំ ជាមធ្យមប្រមាណ២៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ចំនួនក្រុមហ៊ុនធានារ៉ាប់រង បានកើនដល់៤០ក្រុមហ៊ុន នាពេលបច្ចុប្បន្ន ជាមួយនឹងភ្នាក់ងារធានារ៉ាប់រង ជាធនាគារចំនួន២០ ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រង ក្នុងការលក់ផលិតផលធានារ៉ាប់រង។

បើតាមលោក រ័ត្ន សុវណ្ណនៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា វិស័យធានារ៉ាប់រង ជាផ្នែកមួយនៃការជំរុញដល់វិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងយុទ្ធសាស្ដ្រជាតិ ស្ដីពីបរិយាបន្នហិរញ្ញវត្ថុ។

លោកបញ្ជាក់ថា ការអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រកបអាជីវកម្មផលិតផលធានារ៉ាប់រង នឹងផ្ដល់ប្រយោជន៍ដល់គ្រប់ភាគីចូលរួមដែលរួមមាន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចបង្កើតទំនាក់ទំនងបន្ថែមទៀត ធ្វើផលិតកម្មសេវាកម្ម ទទួលបានសោហ៊ុយបន្ថែម និងពង្រីកមូលនិធិឥណទាន សម្រាប់ប្រតិបត្ដិការរបស់ខ្លួន។ ជាពិសេស អតិថិជនអាចកាត់បន្ថយថ្លៃចំណាយ ជាមួយនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដោយទទួលបានភាពងាយស្រួល និងទទួលបានសេវាហរិញ្ញវត្ថុ កាន់តែប្រកបដោយគុណភាព និងតម្លៃសមស្រប។

សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង អាចពង្រីកមូលដ្ឋានអតិថិជន ឲ្យកាន់តែទូលំទូលាយ កាត់បន្ថយថ្លៃចំណាយ បង្កើតចំណូល ចែករំលែកផលិតផល និងសេវាកម្ម ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងបង្កើតទីផ្សារនៃធានារ៉ាប់រងកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here