ធនាគារជាតិអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ រៀបចំឥណទានឡើងវិញ៣៧ម៉ឺនគណនី ស្មើ៥,៥ពាន់លានដុល្លារ

ដោយ៖ សុធារី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបចំនួន៣៧០.៧៨៥ គណនី ស្មើនឹង២២,៤ ពាន់ពាន់លានរៀល (៥,៥ពាន់លានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងអាជីវកម្មបានមួយកម្រិត។

ធនាគារជាតិនៃកម្ពុជា បានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងទិសដៅការងារឆ្នាំ២០២២របស់ខ្លួននៅថ្ងៃទី១៣ខែ មករាឆ្នាំ ២០២២ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ទទួលបានភាពអំណោយផលពីការរក្សាបានស្ថិរភាពថ្លៃនិងតម្លៃប្រាក់រៀល ដែលបានការពារអំណាចទិញរបស់ប្រជាជននិងរួមចំណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា អតិផរណា ត្រូវបានរក្សាក្នុងអត្រា២,៩% ដែលជាកម្រិតទាបអាចគ្រប់គ្រងបាន។ កត្តាចម្បងដែលនាំឱ្យមានអតិផរណាគឺការងើបឡើងវិញនៃថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ខណៈដែលថ្លៃម្ហូបអាហារ និងថ្លៃទំនិញសំខាន់ៗផ្សេងទៀត បានថយល្បឿន។ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានបន្តរងសម្ពាធពីភាពទន់ខ្សោយនៃ សកម្មភាពសេដ្ឋកិច្ចដែលបន្ថយតម្រូវការប្រាក់រៀល ការអនុវត្តនយោបាយសារពើពន្ធក៏ដូចជារូបិយវត្ថុវិត្ថារកម្ម ដែលបង្កើនការផ្គត់ផ្គង់ប្រាក់រៀលក្នុងសេដ្ឋកិច្ច គួបផ្សំនឹងនិន្នាការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

លោក ជា ចាន់តូ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ដែលត្រូវបានគាំទ្រ ដោយការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក បានជំរុញការនាំចេញ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ នៅក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនបានប្រមាណ៩០% និងការបើកឱ្យមានសកម្មភាពសេដ្ឋកិច្ច ដំណើរការឡើងវិញជាលំដាប់។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០លានដុល្លារ ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀល ក្នុងមួយដុល្លារអាមេរិក។ បើធៀបនឹងឆ្នាំ២០១៩ អត្រាប្តូរប្រាក់បានប្រែប្រួលប្រមាណ១%។ ការគ្រប់គ្រងតម្លៃប្រាក់រៀលប្រកបដោយប្រសិទ្ធភាព ត្រូវបានគាំទ្រដោយកម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលមានកម្រិតស្មើនឹងជាង ៨ខែនៃការនាំចូលទំនិញនិងសេវាធៀបនឹងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។

ពាក់ព័ន្ធនឹងសេដ្ឋកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ កម្ពុជានៅឆ្នាំ២០២១ កើនឡើងក្នុងរង្វង់៥%នៅឆ្នាំ២០២២នេះ ខណៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថា នឹងកើនឡើងប្រមាណ៤,៨% នៅឆ្នាំ២០២២នេះ។

ដោយឡែកធនាគារពិភពលោក(World Bank)កាលពីដើមខែ ខែធ្នូ ឆ្នាំ២០២១ បានព្យាករណ៍ដែរថាសេដ្ឋកិច្ចកម្ពុជានឹងកើនដល់៤,៥% នៅឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here