ក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្ម ស្វីសមួយ ចាប់ដៃគូគ្នាអនុវត្តគម្រោង SeT4SME

ដោយ: សូរិយា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact ដែលជាតំណាងរបស់សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) កាលពីថ្ងៃ១២ ខែមករា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងរួមគ្នាមួយ ឈ្មោះថា “Improving Small Package e-Trade for SMEs (SeT4SME)”។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅរវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក រ៉ាជីវ ប្រាដាត (Rajiv Pradhan) នាយកប្រចាំប្រទេសរបស់អង្គការ Swisscontact ក្នុងគោលបំណងសំខាន់ រួមចំណែកក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធ្វើឱ្យប្រសើរឡើងបរិយាកាសពាណិជ្ជកម្មឆ្លងកាត់ព្រំដែន តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុនរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រៃសណីយ៍កម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងពង្រឹងបរិយាកាសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សហគ្រាសធុនតូច មីក្រូ និងមធ្យម(MSMEs) ដោយបង្កើតថ្នាលអេឡិចត្រូនិកសម្រាប់ការដឹកជញ្ជូនកញ្ចប់តូច ដើម្បីជួយ MSMEs កម្ពុជាអាចទាញយកប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានជាអតិបរិមា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ ដែលបានរៀបចំគម្រោងមួយនេះឡើង ដើម្បីផ្តល់ជាប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងការប្រើប្រាស់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មនៅកម្ពុជា និងឆ្លងកាត់ព្រំដែនតាមរយៈការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម។

លោកស្រីបានបន្ត ដើម្បីអនុវត្តន៍គម្រោងនេះមានប្រសិទ្ធភាពនិងជោគជ័យ ក្រសួង និងអង្គការ នឹងបង្កើតគណៈកម្មការតម្រង់ទិសអនុវត្តន៍គម្រោងនេះឱ្យស្របតាមគោលបំណង និងផែនការការងាររបស់គម្រោង។ ក្នុងនោះ លោកស្រីបានរំលេចពីគម្រោង Go4eCAM ដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្តន៍យ៉ាងសកម្ម ដែលទាក់ទងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសការបង្កើតផ្សារខេមបូឌាត្រេដ (Cambodiatrade.com) សម្រាប់ជួយគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជាក្នុងការលក់ផលិតផលកម្ពុជាទាំងក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here