រដ្ឋាភិបាល កូរ៉េផ្ដល់ជំនួយឥតសំណងចំនួនសរុប ២០,៧លានដុល្លារអាមេរិកដល់កម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ១៩៩១-២០២១ កយកា-KOICA បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដោយឡែក សម្រាប់ឆ្នាំ២០២២នេះ ជំនួយឥតសំណង របស់កយកា-KOICAដល់កម្ពុជាមានចំនួនសរុប ២០,៧លានដុល្លារអាមេរិក។

ហិរញ្ញប្បទានឥតសំណងនេះ ដោយផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមាន ១) វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២)វិស័យអប់រំ ៣)វិស័យកសិកម្មនិងអភិវឌ្ឍជនបទ និង ៤)វិស័យដឹកជញ្ជូន។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ជ.នា/ក.អ.ក-CRDB/CDC) ក្នុងកិច្ចសន្ទនាគោលនយោបាយស្តីអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២២ &២០២៣ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។
នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កយកា (KOICA) បាននិងកំពុងគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា ការដោះស្រាយផលប៉ះពាល់នៃជំងឺជំងឺ-១៩ ចាប់តាំងពីឆ្នាំ២០២០មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឆ្នាំ២០២២ នេះ កយកានឹងផ្តល់រថយន្តសង្គ្រោះបន្ថែមចំនួនដប់គ្រឿង និងឧបករណ៍ធ្វើតេស្តរហ័សចំនួន៨៣ ៣២៥តេស្តដល់ក្រសួងសុខាភិបាលកម្ពុជា។បន្ថែមពីលើនេះ កយកា-KOICA កំពុងពិចារណាផ្តល់រថយន្តសង្គ្រោះបន្ថែមទៀតដល់កម្ពុជានៅឆ្នាំ២០២២។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណចំពោះកយកានិងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។

លោក ហ្យន់ជូន នោ(Hyunjun RHO)បានកោតសរសើរដ៏ខ្ពង់ខ្ពស់ជូនចំពោះរាជរដ្ឋាភិបាលកម្ពុ ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលនានាក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការគ្រប់គ្រងបានល្អទាក់ទងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសមិទ្ធិផលក្នុងការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេស ជាពិសេសប្រជាជនកូរ៉េ ដែលបច្ចុប្បន្នកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here