ប្រទេស ជប៉ុនគ្រោងជ្រើសរើសបុគ្គលិកជំនាញ ពីតំបន់អាស៊ីអាគ្នេយ៍៥ម៉ឺននាក់

ដោយ៖ សុធារី

ជប៉ុន៖ យោងតាមសារព័ត៌មាន NHK បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំផែនការជួយដល់ក្រុមហ៊ុនអាជីវកម្មរបស់ខ្លួន ដើម្បីជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យពីតំបន់អាស៊ីអាគ្នេយ៍ទាំង១០ប្រទេស។

យោងតាមផែនការនេះ រដ្ឋាភិបាលនឹងជួយដល់បណ្តាក្រុមហ៊ុនជប៉ុនក្នុងការរៀបចំវគ្គសង្ខេបការងារ ឬផ្តល់កម្មសិក្សាតាមប្រព័ន្ធអ៊ីនធើណេតសម្រាប់បុគ្គលិកចំនួន ៥០ ០០០នាក់មកពីអាស៊ាន ក្នុងវិស័យផ្សេងៗគ្នាដែលរួមមានទាំងវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

ការអនុវត្តនេះធ្វើឡើងនៅពេលដែលប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតបាននិងកំពុងដំណើរការចូលទៅក្នុងតំបន់អាស៊ាន និងការប្រកួតប្រជែងដើម្បីទទួលបានបុគ្គលិកដែលមានទេពកោសល្យ។ រដ្ឋាភិបាលជប៉ុនមានគោលបំណងជំរុញការប្រកួតប្រជែងរបស់បណ្តាក្រុមហ៊ុនជប៉ុន ដោយគាំទ្រដល់សកម្មភាពជ្រើសរើសបុគ្គលិករបស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សារព័ត៌មាន NHK បានរាយការណ៍ថា រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Hagiuda Koichi គ្រោងនឹងប្រកាសអំពីផែនការនេះនៅក្នុងសិក្ខាសាលាមួយក្នុងសប្តាហ៍នេះ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី និងថៃ។

លើសពីនេះទៀត រដ្ឋាភិបាលជប៉ុនក៏គ្រោងនឹងប្រកាសអំពីផែនការលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនជប៉ុនឱ្យចែករំលែកព័ត៌មានដើម្បីជៀសវាងហានិភ័យ និងរៀនសូត្រពីការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here