អ្នកវិភាគ៖ វិស័យមួយចំនួននៅតែបន្តប្រឈមនឹងបញ្ហា ក្នុងឆ្នាំ២០២២នេះ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ នៅចុងឆ្នាំ២០២១ សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាហាក់បានកម្រើកឡើងវិញ ហើយវិស័យជាច្រើនទៀតក៏ឃើញថាមានដំណើរជាវិជ្ជមានឡើងវិញ ប៉ុន្តែ សម្រាប់អ្នកវិភាគមួយចំនួនមើលឃើញថាវិស័យសំខាន់ៗដែលគាំទ្រដល់សេដ្ឋកិច្ចនឹងនៅតែបន្តមានបញ្ហាប្រឈមដដែល។

លោកបណ្ឌិត គា បូរ៉ា ជាអ្នកវិភាគពីស្ថានភាពសេដ្ឋកិច្ចមួយរូប បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍មួយកាលពីល្ងាចថ្ងៃទី៥ មករា២០២២កន្លងទៅនេះថា ឆ្នាំ២០២២នេះ ថ្វីត្បិតតែវិស័យជាច្រើនទៀតបានកម្រើកឡើងវិញក៏ពិតមែន តែនៅមានវិស័យមួយចំនួនទៀតរងផលប៉ះពាល់ដដែល។ លោកថា ក្នុងនោះ វិស័យទេសចរណ៍ក៏នៅតែបន្តប្រឈមនឹងបញ្ហាដោយសារតែបញ្ហាកូវីដ១៩ប្រភេទថ្មីនៅបណ្ដាប្រទេសនានា តម្លៃសំបុត្រឡើងថ្លៃខុសប្រក្រតី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា ”និយាយរឿងសំបុត្រយន្តហោះ យើងមើលឃើញថា មានការឡើងថ្លៃខ្ពស់ បីទៅបួនដង ដូច្នេះសម្រាប់អ្នកដែលមិនមានការចាំបាច់ក្នុងការធ្វើដំណើរកម្ពុជា គេមិនមកទេ តែសម្រាប់អ្នកដែលមានអាជីវកម្មនិងជំនួញធំៗនៅក្នុងប្រទេសកម្ពុជាគឺត្រូវតែមកទោះក្នុងតម្លៃខ្ពស់ក្ដី”។

លោកបន្តថា តែយ៉ាងណាក្ដីបើធៀបជាមួយនឹងប្រទេសជិតខាងក៏ដូចជាប្រទេសក្នុងតំបន់អាស៊ាន កម្ពុជានៅតែមានភាពទូលាយ ដោយអ្នកដំណើរ ទេសចរ និងវិនិយោគិនចូលមកដល់ មិនបាច់រង់ចាំការធ្វើចត្តាឡីស័កទេ គ្រាន់តែតេស្តរកមេរោគកូវីដ១៩ បើសិនជាអវិជ្ជមានពួកគេអាចដើរហើរទៅទីតាំងនានាដែលពួកគេចង់ទៅ។ ទាំងនេះក៏ជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរក៏ដូចជាវិនិយោគិនដែលចង់មកកម្សាន្តនិងដាក់ទុនវិនិយោគនៅកម្ពុជា។

លោកបូរ៉ាបន្ថែមថា អ្វីដែលជាកត់សម្គាល់ថ្មីមួយទៀត គឺការរាលដាលនៃមេរោគប្រភេទថ្មីអូមីក្រុង ដែលជាកត្តារារាំងដល់វិស័យទេសចរណ៍កម្ពុជាក៏ដូចជាប្រទេសនានា ដោយប្រទេសមួយចំនួនបន្តធ្វើចត្តាឡីស័ ប្រទេសខ្លះទៀតហាមឃាត់ការធ្វើដំណើរមកពីប្រទេសដែលមានការរីករាលដាលនៃមេរោគអូមីក្រុងជាដើម។ យ៉ាងណាក្ដីប្រទេសកម្ពុជា គឺមានភាពល្អប្រសើរដែលទេសចរក្នុងស្រុកបានហក់ងើបឡើងវិញលឿន ជាក់ស្ដែងក្នុងអំឡុងពេលចូលឆ្នាំសកលនេះមានទេសចរជាង១លាននាក់បានចេញធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានាក្នុងស្រុក។

អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបលោក ខេន ឡូ ក៏បានបង្ហាញជាទស្សនថា ឆ្នាំ២០២២នេះ ការអភិវឌ្ឍវិស័យអចលនទ្រព្យនឹងមិនមានល្បឿនលឿនដូចកាលពីមុនវិបត្តិឡើង តែយ៉ាងណាសកម្មភាពនឹងនៅតែបន្តហើយកើនឡើងយឺតជាមួយការបណ្ដាក់ទុនវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក ខណៈវិនិយោគិនបរទេសនៅតែមានបញ្ហាប្រឈមមួយចំនួនដដែល។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល ក៏បានលើកឡើងថា បញ្ហានៃការរីករាលដាលមេរោគអូមីក្រុងអាចនឹងបង្កផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ជាថ្មី តែវាក៏អាចនឹងមិនបង្កផលប៉ះពាល់ដែរ បើសិនជាមានវិធានការឬចំណាត់ការទប់ស្កាត់បានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here