វិធីសាស្រ្តធ្វើទីផ្សារដើម្បីឱ្យអាជីវកម្មទទួលបានជោគជ័យ

ដោយ៖ សុធារី

ភ្នំពេញ៖ ការធ្វើទីផ្សារមិនមែនងាយស្រួល ហើយក៏មិនពិបាកណាស់ណាដែរ ប៉ុន្តែវាជាធាតុសំខាន់ណាស់ក្នុងរបររកសុី។ មានតិចនិកទីផ្សារល្អនឹងជួយឱ្យអ្នករកចំណូលបានកាន់តែច្រើន។ ខាងក្រោមនេះជាគន្លឹះខ្លះនៃការធ្វើទីផ្សារដែលអ្នកអាចយកទៅប្រើប្រាស់បាន ដើម្បីទទួលបានជោគជ័យ៖
១. ការជ្រើសរើសឈ្មោះ និងបង្កើតម៉ាកយីហោ

ការដាក់ឈ្មោះយីហោ គឺជាជំហានដំបូងក្នុងការបង្កើតម៉ាកយីហោមួយឱ្យហាងរបស់អ្នក។ លទ្ធភាពនៃការទាក់ទាញបាននូវអតិថិជនច្រើន ក៏អាស្រ័យលើការដាក់ឈ្មោះម៉ាកយីហោដែលគួរឱ្យចាប់អារម្មណ៍។ ដូចនេះ មុនពេលសម្រេចចិត្តថាចង់ដាក់ឈ្មោះណាមួយ ត្រូវគិតឱ្យបានល្អិតល្អន់ ប៉ុន្តែក៏មិនចាំបាច់ដាក់សម្ពាធឱ្យខ្លួនឯងពេកដែរ អ្នកគ្រាន់តែព្យាយាមរកឈ្មោះណាដែលមើលទៅប្លែកពីគេ មិនវែងពេក (គួរតែមានក្រោម៤ពាក្យ) និងការតំណាងរបស់ឈ្មោះនោះឱ្យហាងរបស់អ្នក។

បន្ទាប់មកអ្នកអាចចាប់ផ្ដើមគិតពីការរចនាម៉ាកយីហោ (អ្នកអាចប្រាប់គំនិតនេះទៅអ្នករចនាម៉ូតស្លាកយីហោឱ្យ អ្នក) ដោយពិចារណាលើរូបរាង ពណ៌ ស្លាកសញ្ញា ដែលសមស្របនឹងឈ្មោះ និងផលិតផលរបស់អ្នក ដើំម្បីបង្កើតជាសារទំនាក់ទំនងទៅកាន់អតិថិជនឲ្យមានការចាប់អារម្មណ៍កាន់តែច្រើនលើហាងរបស់អ្នក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ស្វែងរកអតិថិជន

ដើម្បីស្វែងរកអតិថិជនឱ្យបានជោគជ័យអ្នកត្រូវស្គាល់ពីប្រភេទអតិថិជនរបស់អ្នកសិន។ បន្ទាប់ពីយើងស្គាល់គេហើយនោះក៏ត្រូវឱ្យច្បាស់ដែរថាគេស្គាល់យើង ដោយការប្រើវិធីសាស្រ្តផ្សព្វផ្សាយដែលចំណាយអស់តិចបំផុត ធ្វើម៉េចឱ្យគេស្គាល់ពីយីហោរបស់យើង និងធ្វើយ៉ាងណាឱ្យគេចង់ទិញផលិតផលយើង។ បន្ទាប់ពីស្វែងរកអតិថិជនហើយ អ្នកត្រូវឧស្សាហ៍សង្កេតមើលពីភាពប្រែប្រួលផ្សេងៗលើដំណើរការនេះផង។

៣. ការកំណត់តម្លៃទំនិញ ឬ សេវាកម្ម

បន្ទាប់ពីស្គាល់ពីអតិថិជនអ្នកហើយ អ្នកអាចកំណត់តម្លៃទំនិញឱ្យសមនឹងលទ្ធភាពរបស់ប្រភេទអតិថិជនភាគច្រើនរបស់អ្នក។ ឧទាហរណ៍ ផលិតផលរបស់អ្នកផ្តោតលើសិស្សវិទ្យាល័យ នោះតម្លៃត្រូវតែថោកសមរម្យព្រោះសិស្សវិទ្យាល័យគ្មានចំណូលទេ។ មួយវិញទៀតការដាក់តម្លៃអាស្រ័យលើតម្លៃរបស់គូរប្រកួតរបស់អ្នកផងដែរ ព្រោះអ្នកមិនគួរលក់ថោកជាងឬថ្លៃជាងពេកនៃតម្លៃដែលគូរប្រកួតរបស់អ្នកលក់នោះទេ។ តែយ៉ាងណាក៏ដោយ តម្លៃរបស់អ្នកមិនគួរខុសពីគុណភាពនៃផលិតផលអ្នកទេ បើគុណភាពល្អអ្នកក៏មិនគួរខ្លាចក្នុងការគិតតម្លៃថ្លៃដែរ។

៤. ការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយ

ប្រព័ន្ធផ្សព្វផ្សាយគឺជាកត្តាសំខាន់មួយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋយើងនិយមប្រើបណ្ដាញសង្គម ពិសេសហ្វេសប៊ុក ដែលអ្នកអាចជ្រើសរើសជាឧបករណ៍ក្នុងការផ្សាយផលិតផលរបស់អ្នក។ ការបង្កើតទីផ្សារតាមប្រព័ន្ធហ្វេសប៊ុកនេះ តម្រូវឱ្យអ្នកមានការយល់ដឹងច្បាស់ពីការប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពខ្ពស់។ ការបង្កើតទំព័រហ្វេសប៊ុកដែលមានឈ្មោះ និងការដាក់រូបភាពឬស្លាកសញ្ញាដែលមានភាពទាក់ទាញ។

ក្រៅពីនេះគឺចំណេះដឹងនៃការប៊ូតផេក ការវិភាគពីការចូលរួមរបស់អតិថិជន ប្រភេទអតិថិជន តិចនិចថតរូបផលិតផលឲ្យល្អ និងការឡាយវីដេអូជាដើម។ អ្នកក៏អាចសាកល្បងបង្ហោះសារដែលទាក់ទងពីចំណេះដឹងទូទៅដែលមនុស្សគ្រប់រូបអាចមានការចាប់អារម្មណ៍ច្រើន ដើម្បីជួយប្រម៉ូតផេក ប៉ុន្តែវាក៏ទាក់ទងនឹងផលិតផលរបស់អ្នកដែរ។ ឧទាហរណ៍ អ្នកមានមុខរបរលក់បន្លែសរីរាង្គ ដូចនេះ អ្នកអាចស្វែងពត៌មាន ឬសរសេរអត្ថបទអំពីអត្ថប្រយោជន៍នៃអាហារសរីរាង្គនោះ។

៥. ប្រម៉ូសិន និងការបញ្ចុះតម្លៃ
ការធ្វើប្រម៉ូសិនសំខាន់ណាស់ក្នុងការធ្វើទីផ្សារ អ្នកអាចជ្រើសរើសការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម ដោយបញ្ចុះតម្លៃលើផលិតផលរបស់អ្នក ឬការផ្តល់ជូនពិសេសដល់អតិថិជនចាស់ៗដើម្បីរក្សាទំនាក់ទំនងល្អជាមួយអតិថិជនចាស់របស់អ្នក។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយ អ្នកអាចលក់ដោយផ្ទាល់ទៅកាន់អតិថិជនរបស់អ្នកបានផងដែរព្រោះការលក់ដោយផ្ទាល់អាចមានប្រសិទ្ធិភាពខ្លាំងដោយវាបង្កើនការទុកចិត្តរវាងអ្នកលក់ និងអ្នកទិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here