កម្ពុជាបង្ហាញនិមិត្តសញ្ញាសម្រាប់ប្រើប្រាស់នៅក្នុងកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២

ដោយ៖ សុធារី

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០៤ ខែមករានេះ បានបង្ហាញអំពីនិមិត្តសញ្ញា សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ខាងមុខនេះ។

ការបង្ហាញគោលគំនិតនៃនិមិត្តសញ្ញាអាស៊ាន ឆ្នាំ២០២២ បានធ្វើឡើងក្នុងឱកាសដែលក្រសួងរៀបចំកម្មវិធីផ្ដល់ព័ត៌មាន ស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជូនបណ្ដាអង្គទូត និងបណ្ដាញសារព័ត៌មាន ក្រោមអធិបតីភាពលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន។

គោលគំនិតនៃនិមិត្តសញ្ញាអាស៊ាន ឆ្នាំ២០២២ រួមមាន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១៖ និមិត្តសញ្ញាក្បាច់ត្របកឈូកជាទម្រង់ក្បាច់ខ្មែរ ដែលដកស្រង់ចេញពីក្បាច់តាមជញ្ជាំងប្រាសាទបុរាណខ្មែរ បង្ហាញពីភាពបរិសុទ្ធ និងការកកើតឡើងវិញដោយខ្លួនឯង។ និមិត្តសញ្ញាផ្កាឈូកមានរង្វង់ពណ៌មាសព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត និងមាននិមិត្តសញ្ញាអាស៊ាននៅចំកណ្តាល តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនាក្នុងសន្តិភាព។ ភាពផ្ចិតផ្ចង់នៃការដាក់រូបសញ្ញានីមួយៗផ្គុំបញ្ចូលគ្នា បង្ហាញពីស្មារតី និងការខិតខំប្រឹងប្រែងរួមគ្នា របស់ប្រជាជាតិអាស៊ានទាំង១០ ដែលផ្សាភ្ជាប់គ្នាដោយចំណងមិត្តភាព និងសាមគ្គីភាព មានគោលដៅរួមតែមួយក្នុងការជំនះរាល់បញ្ហាប្រឈមនានា ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន និងចីរភាព នាពេលបច្ចុប្បន្ន និងពេលអនាគត។

២៖ ពណ៌ខៀវនៃត្របកឈូក ៦ ស្រទាប់ គឺតំណាងឱ្យសន្តិភាព ស្ថិរភាព ទំនុកចិត្ត ភាពជឿជាក់ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលជាសេចក្តីប្រាថ្នាជាចម្បងរបស់អាស៊ាន។

៣៖ ពណ៌ក្រហមនៃត្របកឈូក ៤ ស្រទាប់ គឺតំណាងឱ្យអាយុជីវិត សុខុមាលភាព សេចក្តីក្លាហាន និងថាមភាពរបស់អាស៊ាន។

៤៖ រង្វង់ពណ៌មាស គឺតំណាងពីភាពអស្ចារ្យ ភាពជោគជ័យ សមិទ្ធផល និងជ័យជំនះ នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងស្មារតីរួបរួមគ្នាជាធ្លុងមួយ និងឯកភាពរបស់អាស៊ាន។

៥៖ ពណ៌ចំរុះ គឺតំណាងឱ្យភាពចំរុះជាតិសាសន៍នៃប្រទេសសមាជិកអាស៊ានទាំង១០។

មូលបទដែលកម្ពុជាដាក់ចេញ ពេលធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ គឺ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមរួមគ្នា”។ ប្រមុខការទូតកម្ពុជា បានពន្យល់ថា គំនិតនេះចង់បង្ហាញពីសារសំខាន់នៃស្មារតីរបស់អាស៊ាន ជាគ្រួសាររួបរួមគ្នាទាំងអស់ ហើយស្មារតីរួមគ្នាដ៏រឹងមាំនេះ គឺធ្វើក្នុងសកម្មភាពរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមតែមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here