អ្នកជំនាញហិរញ្ញវត្ថុ៖ ប្រព័ន្ធឌីជីថលកាន់តែមានសារសំខាន់ក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងនិងក្រោយវិបត្តិកូវីដ១៩

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ការផ្សព្វផ្សាយពីសេវាកម្មនិងផលិតផលរបស់ក្រុមហ៊ុននានានៅក្នុងវិបត្តិកូវីដ១៩តាមប្រព័ន្ធ ឌីជីថលឃើញថាមានសារសំខាន់និងចាំបាច់ ហើយនៅក្រោយវិបត្តិក៏ការផ្សព្វផ្សាយតាមមធ្យោបាយនេះនៅតែ មានសារសំខាន់ខណៈអតិថិជនដែលអាចប្រើប្រាស់ប្រព័ន្ធឌីជីថលក៏កាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។

លោកស្រី ចាន់ បូរមី នាយិកាប្រតិបត្តិទីផ្សារនិងទំនាក់ទំនងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ការផ្សព្វផ្សាយសេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុននានានៅក្នុងពេលបច្ចុប្បន្ននេះពិតជាមានសារសំខាន់ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ពីព្រោះក្រុមហ៊ុនលក់សេវាកម្មក៏ដូចជាផលិតផលមិនអាចរៀបចំនូវកម្មវិធីជួបជុំនានា ដើម្បីផ្សព្វផ្សាយដល់អតិថិជនរបស់ខ្លួននោះទេ។ មធ្យោបាយដ៏ល្អគឺយកបណ្ដាញសង្គមហ្វេសប៊ុករបស់ពួកគេផ្សព្វផ្សាយជំនួស ខណៈប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនក៏ចេះប្រើប្រាស់បណ្ដាញសង្គមមួយនេះផងដែរ។

លោកស្រីបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានកើនឡើងជាបន្តបន្ទាប់ ជាក់ស្ដែងមកដល់ឆ្នាំ២០២១នេះ តាមស្ថិតិរបស់ក្រសួងថាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាមានប្រមាណ១២លានគណនី ខណៈប្រជាពលរដ្ឋកម្ពុជាមាន១៦លាននាក់។ យ៉ាងណាក្ដី ទាំង១២លានគណនីនេះ ក៏មានមនុស្សម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុក២ឬ៣គណនី តែក៏នៅតែមានចំនួនច្រើនដដែល ហើយការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលនៅតែមានប្រសិទ្ធភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីថា ”អ្វីដែលងាយស្រួលសម្រាប់អ្នកផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលនោះ គឺការកំណត់យកអតិថិជនរបស់ខ្លួនបានថែមទៀត។ ឧទាហរណ៍ ផលិតផលហ្នឹងយើងផ្ដោតតែលើអតិថិជនមានអាយុពី១៨ឆ្នាំដល់៣០ឬ៤០ឆ្នាំ គឺសាររបស់យើងទៅដល់តែអតិថិជនអាយុចន្លោះហ្នឹងទេ។ មិនតែប៉ុណ្ណោះ យើងក៏អាចឆ្លើយឆ្លងជាមួយអតិថិជនរបស់យើងបានថែមទៀតផង”។

លោកស្រីបន្ថែមថា ការផ្សព្វផ្សាយតាមមធ្យោបាយឌីជីថលនេះដែរ ក៏អាចឱ្យយើងអាចវាយតម្លៃនិងដឹងថាតើផលិតផលឬសេវាកម្មរបស់យើងមានមនុស្សប៉ុន្មានលាននាក់បានឃើញ បានទទួលសារដែលយើងបានផ្សាយជូន។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា ក៏បានលើកឡើងផងដែរថា វិបត្តិកូវីដ១៩ក៏បានធ្វើឱ្យវិស័យហិរញ្ញវត្ថុត្រូវការធ្វើពិពិធកម្មពីការផ្ដល់សេវាកម្មបែបប្រពៃណីទៅជាសេវាកម្មឌីជីថលបានផងដែរ។ កាលពីមុនអតិថិជនត្រូវការជួបជាមួយអ្នកឬអតិថិជនត្រូវការទូទាត់ការចំណាយរបស់ខ្លួននៅបញ្ជរផ្ទាល់ៗ តែនៅពេលដែលយើងបានអភិវឌ្ឍន៍ទៅជាឌីជីថល អតិថិជនមិនចាំបាច់ធ្វើដំណើរទៅទូទាត់ផ្ទាល់ៗនោះទេ។ ពួកគាត់អាចទូទាត់តាមប្រព័ន្ធឌីជីថល តាមរយៈម៉ូបាលអេប របស់ប្រព័ន្ធធនាគារនិងមីក្រូហិរញ្ញវត្ថុនីមួយដោយងាយស្រួល។ នៅពេលចប់កូវីដ១៩ក៏ប្រព័ន្ធឌីជីថលនេះ នៅតែមានសារសំខាន់សម្រាប់ការប្រើប្រាស់របស់អតិថិជន។ ម្យ៉ាងទៀតយើងចង់ផ្សព្វផ្សាយពីសេវាកកម្ម ផលិតផលក៏អាចផ្សព្វផ្សាយបានតាមរយៈប្រព័ន្ធនេះបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here