សិក្សា៣គន្លឹះ ដើម្បីបង្កើនទ្រព្យសម្បត្តិលើសពីអ្វីដែលជាមាស ប្រាក់

ដោយៈកុសមា

ភ្នំពេញៈ ម្នាក់ៗសុទ្ធតែចង់មានបាន មានជីវភាពធូរធារ តែអ្វីដែលអ្នកតែងតែខិតខំកន្លងមកគឺគិតតែលើទ្រព្យសម្បត្តិ សំដៅលើមាសប្រាក់តែមួយមុខគត់។

ទ្រព្យសម្បត្តិដែលលើកឡើងក្នុងអត្ថបទនេះ គឺប្រហែលជាលើសពីអ្វីដែលអ្នកយល់ពីទ្រព្យសម្បត្តិ ដែលអ្នកមាន មិនថាតែជាតួរលេខក្នុងគណនីធនាគារនោះទេ។

ទ្រព្យសម្បត្តិទីនេះ គឺសំដៅលើការរួមបញ្ចូលគ្នា រវាងទ្រព្យសម្បត្តិ(មាសប្រាក់ លុយឡាន) បញ្ញា និងស្មារតីរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន ចូរផ្តោតលើការអភិវឌ្ឍលើចំនុចខាងក្រោមនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. តើអ្នករកលុយបានច្រើន ឬចំណាយច្រើន?

អ្នកអាចរកបានមួយខែត្រឹម៦០០ដុល្លារ តែការចំណាយរបស់អ្នកត្រឹមតែ២០០ដុល្លារ នោះមានន័យថាអ្នកប្រសើរជាងបុគ្គល ដែលរកបាន ២០០០ដុល្លារក្នុង១ខែ តែចំណាយដល់ទៅ២៥០០ដុល្លារក្នុង១ខែ។វាផ្ដើមពីការងារមួយដែលត្រឹមត្រូវ មានចំណូលដែលអាចសន្សំបាន។ រកបានច្រើនប៉ុណ្ណា អ្វីដែលអ្នកគួរពិចារណា គឺការកាត់បន្ថយការចំណាយរបស់អ្នក ឱ្យតិចបំផុត តាមដែលអ្នកអាចធ្វើបាននិងផ្ដើមសន្សំ កាន់តែច្រើន ដើម្បីទុកចំណាយលើរបស់សំខាន់ៗជាច្រើននៅពេលក្រោយ។

២. ចំណាយពេលវេលារបស់អ្នកដោយឈ្លាសវៃ

យីហោឬតម្លៃខ្លួនរបស់អ្នកនឹងកើនឡើង នៅពេលអ្នកមានចំណេះដឹងជំនាញនិងបទពិសោធន៍កាន់តែច្រើន នេះបានពីការប្រើពេលវេលា ដែលត្រឹមត្រូវ។ ចំណាយពេលសិក្សា និងស្វែងយល់ពីពិភពលោកឱ្យបានកាន់តែប្រសើរ។ អានឱ្យបានច្រើនតាមដែលអ្នកអាច។ អប់រំខ្លួនអ្នកអំពីអ្វីដែលមានប្រយោជន៍ជាដើម។

សាកល្បងមើលពីការពិសោធន៍បរាជ័យ ជោគជ័យជុំវិញ ហើយព្យា​យាមកាន់តែច្រើន នោះអ្នកកាន់តែឆ្លាតនិងស្ទាត់ជំនាញជាងមុន។

៣. ផ្ដល់នូវគុណតម្លៃដល់អ្នកដទៃ

បើអ្នកកាន់តែជះឥទ្ធិពលវិជ្ជមាន ដល់មនុស្សកាន់តែច្រើន នោះអ្នកនឹងកាន់តែមានតម្លៃ។ ដើមខ្នុរដែលគ្មានផ្លែ នឹងក្លាយជាអុសសម្រាប់ដុត។ ដូច្នេះដែរតម្លៃរបស់អ្នក មិនត្រឹមតែសំដៅលើអ្វីដែលអ្នកមាននោះទេ តែជាអ្វីដែលអ្នកចេះចែករំលែកផងដែរ។

តម្លៃក្នុងនាមជាមនុស្ស ក៏ត្រូវចេះជួយអ្នកដទៃ។ បើធ្វើអ្វីៗសម្រាប់តែខ្លួនឯង ហើយមិនជួយអ្នកដទៃដែលកំពុងត្រូវការពន្លឺ វាពិតជាគ្មានតម្លៃនោះទេ។ សហគ្រិនជាច្រើន បានបង្ហាញពីតម្លៃរបស់ពួកគេ តាមរយៈសេវាកម្មដែលពួកគេផ្តល់ឱ្យអ្នកដទៃផងដែរ។

អ្វីដែលវាត្រូវការ សម្រាប់ការងារខាងលើ គឺភាពវ័យឆ្លាតក្នុងការផ្លាស់ប្តូរផ្នត់គំនិតបែបសាមញ្ញ និងការខិតខំបន្តិចម្ដង។ ទាំងនេះជាទ្រព្យដែលអ្នកអាចបង្កើនបានជារៀងរាល់ថ្ងៃ ដែលស្ទើរតែត្រូវការចំណាយតិចបំផុត។ អ្នកអាចនឹងមិនឃើញពីការធូរធារនៃធនធាន ដែលមានក្នុងពេលខ្លីនោះទេ។ ទ្រព្យសម្បត្តិទាំងនេះ មិនអាចមើលឃើញ តែវាស្ថិតក្នុងមនុស្សដែលទទួលបានភាពរីករាយបំផុត និងជោគជ័យបំផុតក្នុងជីវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here