សិក្សាស្វែងយល់ពីរូបិយបណ្ណឌីជីថល

ដោយ:ម៉ាលីស

ភ្នំពេញ៖ រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (sovereign digital currency) គឺដូចជារូបិយប័ណ្ណ ឬក្រដាសលុយធម្មតាដែរ ប៉ុន្តែវាមានទម្រង់ឌីជីថលដែលបោះពុម្ពនិងគ្រប់គ្រងដោយធនាគារកណ្តាលរបស់ប្រទេសនីមួយៗ។

កុំច្រឡំឱ្យសោះថា រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល ដូចនឹងរូបិយប័ណ្ណ Crypto ព្រោះជាប្រភេទរូបិយប័ណ្ណឌីជីថលប្រើប្រាស់់បច្ចេកវិទ្យា Blockchain ហើយប្រតិបត្តិការទិញលក់រូបិយប័ណ្ណ Crypto នេះ មិនស្ថិតនៅក្រោមធនាគារកណ្ដាលឡើយ។ ខុសពីរូបិយប័ណ្ណ Crypto រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺមានប្រព័ន្ធគ្រប់គ្រងកណ្ដាលមួយ ហើយមិនមានភាពអនាមិក (anonymity) ក្នុងការប្រើប្រាស់រូបិយប័ណ្ឌឌីជីថលឡើយ និយាយឱ្យស្រួលយល់ទៅគឺដូចយើងចាយលុយជាក្រដាសប្រាក់ចឹងដែរ ហើយវាមានស្ថិរភាពតម្លៃដូចនឹងរូបិយប័ណ្ណជាក្រដាសប្រាក់ដូចគ្នា។

ប្រទេសនៅក្នុង G20 សុទ្ធតែកំពុងសិក្សាលទ្ធភាព និងអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលពួកគេ។ ក្រៅពីនេះ មានប្រទេសមួយចំនួន ដូចជា ប្រទេសស៊ុយអែត ន័រវែស ស្វីស និងជាពិសេសប្រទេសកម្ពុជាយើងផ្ទាល់ បាននិងកំពុងរៀបចំអភិវឌ្ឍរូបិយប័ណ្ណឌីជីថលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់កម្ពុជា ធនាគារជាតិនៃកម្ពុជាបាននិងកំពុងអភិវឌ្ឍរូបិយប័ណ្ណឌីជីថល ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ក្នុងអំឡុងនៃកិច្ចពិភាក្សាតាមអនឡាញស្ដីពី “ប្រាក់នៅក្នុងសតវត្សរ៍ទី ២១ តួនាទីអ្វីខ្លះសម្រាប់រូបិយប័ណ្ណឌីជីថល និងកាក់សកលរបស់ធនាគារកណ្ដាល”ដែលត្រូវបានរៀបចំឡើងដោយអង្គការ OECD កាលពីខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ជា សិរី បានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងត្រូវការពេលវេលាជាច្រើនទៀតសម្រាប់ការប្រើប្រាស់ពេញលេញនៃរូបិយប័ណ្ណឌីជីថលជាការផ្លាស់ប្តូរមួយឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។

សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា មានបុរេលក្ខខណ្ឌជាច្រើនសម្រាប់ប្រទេសយើងក្នុងការផ្លាស់ប្តូរទៅរករូបិយប័ណ្ណឌីជីថល ដូចជា ទី១. លទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ប្រកបដោយនិរន្តរ៍ភាព ទី២. លទ្ធភាពទទួលបានការតភ្ជាប់ (connectivity) ទី៣. លទ្ធភាពទទួលបានទូរស័ព្ទស្មាតហ្វូនតម្លៃទាប និងទី៤. អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន និងអក្ខរកម្មហិរញ្ញវត្ថុ។

ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាក៏បានដាក់ឱ្យដំណើរការ “បាគង” ដែលជាប្រព័ន្ធទូទាត់បច្ចេកវិទ្យាអន្តរធនាគារ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) របស់កម្ពុជា ជំរុញការផ្ទេរប្រាក់រវាងធនាគារពាណិជ្ជនិងពង្រីកវិសាលភាពនៃវិស័យហិរញ្ញវត្ថុទៅដល់ប្រជាជនដែលមិនមានគណនីធនាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here