ជប៉ុនជួយសាងសង់អគារសិក្សា និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រក្នុងខេត្ត២នាភូមិភាគឥសាន្ត

ដោយ៖ ម៉ាលីស

រតនគីរី: រដ្ឋាភិបាលនៃប្រទេសជប៉ុនបានយល់ព្រមផ្តល់ថវិកាចំនួន ២៨០,៣៧៨ ដុល្លារអាមេរិក ដើម្បីទ្រទ្រង់ការសាងសង់អគារសិក្សា និងការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រក្នុងខេត្តរតនគិរី ស្ទឹងត្រែង និងខេត្តពោធិ៍សាត់ ក្រោមក្របខណ្ឌ ជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិ (“KUSANONE” Grant)។

កិច្ចព្រមព្រៀងផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះរវាងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាលោក MIKAMI Masahiro និងអ្នកតំណាងនៃអង្គការអ្នកទទួល នៅថ្ងៃទី២០ ខែធ្នូនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ដែលបានផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃនេះ បានឱ្យដឹងថា ទឹកប្រាក់ចំនួន ៩៨ ៣១៧ ដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់អគារសិក្សាចំនួន៦បន្ទប់ ដែលបំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន បង្គន់ចំនួន ៤ បន្ទប់ និងធុងទឹកនៅអនុវិទ្យាល័យអូរយ៉ាដាវ ខេត្តរតនគិរី។ វាត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន៤៥៥ នាក់ និងគ្រូបង្រៀន១៥ នាក់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសិក្សា និងគុណភាពនៃការអប់រំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថវិកាចំនួន ៩១ ៥៦៦ ដុល្លារអាមេរិក នឹងជួយដល់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាអូរឫស្សីលើទី១ និងទី២ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ គម្រោងនេះនឹងធានាបាននូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាពជាងមុន ហើយគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន២០១ នាក់ និងគ្រូបង្រៀន ៨នាក់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំ។

នៅសល់ ៩០,៤៩៥ ដុល្លារអាមេរិក សម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរសំបួរ ក្នុងខេត្តកំពង់ស្ពឺ។ វាត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាង៣,៣០០នាក់ដោយធានាបាននូវការផ្គត់ផ្គង់ទឹកដែលមានស្ថេរភាពសម្រាប់ការរស់នៅ និងសកម្មភាពកសិកម្ម។ នេះនឹងបង្កើនបរិមាណកសិផលនិងប្រាក់ចំណូលរបស់កសិករហើយក៏លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែរ ។

គម្រោង “KUSANONE” របស់ប្រទេសជប៉ុនបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានៅកម្រិតមូលដ្ឋាន។ ជំនួយនេះមានគោលបំណងការពារអ្នកដែលងាយរងគ្រោះដោយសារកត្តាផ្សេងៗដូចជាភាពក្រីក្រ និង ឬសំណាងអាក្រក់ដែលគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍មូលដ្ឋាន។ ចាប់តាំងពីឆ្នាំ១៩៩១ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦៤ លានដុល្លារអាមេរិកសម្រាប់អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗ ដើម្បីអនុវត្តគម្រោង KUSANONE ចំនួន៦៥១នៅទូទាំងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here