ចំណូលកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅតែមានកំណើនក្នុងវិបត្តិកូវីដ១៩

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២០ ធ្នូ ២០២១នេះ ឱ្យដឹងថា ចំណូលរបស់កំពង់ផែក្នុងឆ្នាំ២០២០និងឆ្នាំ២០២១នេះ នៅតែបន្តកើនឡើង ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដី ខណៈកំពង់ផែដទៃទៀតក្នុងតំបន់មានការធ្លាក់ចុះ ដោយសារតែការខិតខំរបស់រដ្ឋាភិបាលក្នុងការបើកច្រកសេដ្ឋកិច្ច និងបន្ធូបន្ថយដល់ការនាំចេញចូល ។

លោក ថៃ រឹទ្ធី អគ្គនាយករងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់នៃការកើនឡើងទំនិញ កំពង់ផែកំពុងធ្វើការអភិវឌ្ឍទីតាំងផែផ្ទេរឆ្លងកាត់ទំនិញជាអន្តរជាតិ និងឃ្លាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែ និងចាប់ផ្តើមដំណើរការនាពេលឆាប់ៗនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់ទំនិញ នាំចេញ នាំចូល និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានលើកឡើងអំពីគំរោងអភិវឌ្ឍន៍ផែទឹកជ្រៅ ដែលអាចជាចំណតនាវាខ្នាតធំ ផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូន ឱ្យមានតម្លៃទាប នាពេលអនាគតផងដែរ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានមានប្រសាសន៍ថា ដោយមើលឃើញពីការអភិវឌ្ឍផែជាច្រើនគម្រោងក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ដែលដឹកនាំសម្តេចតេជោ ហ៊ុន សែន ជាពិសេសក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ បានបន្តការអភិវឌ្ឍជាបន្តបន្ទាប់ ដោយបង្កើតឃ្លាំងដែលទំនិញអាចស្តុកបាន និងបង់ពន្ធនាពេលក្រោយ និងទីតាំងដែលអាចផ្ទេរឆ្លងកាត់ទំនិញ ពីប្រទេសមួយទៅប្រទេសមួយទៀត រួមទាំងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ដែលអាចនាំទំនិញទៅកាន់ប្រទេសគោលដៅដោយផ្ទាល់ ដោយពុំចាំបាច់ផ្ទេរទំនិញនៅប្រទេសផ្សេង នៅក្នុងតំបន់ដូចសព្វថ្ងៃនេះ។

យ៉ាងណាក្ដី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុមិនបានបង្ហាញពីតួលេខជាក់លាក់នៃចំណូលរបស់អង្គភាពមួយនេះ សម្រាប់ឆ្នាំ២០២០និងឆ្នាំ២០២១នោះទេ ប៉ុន្តែតាមរបាយការណ៍កន្លងមកឱ្យដឹងថា ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២១ កំពង់ផែនេះរកចំណូលបានជាង៦០លានដុល្លារអាមេរិក កើនឡើងប្រមាណ៧,៥លានដុល្លារអាមេរិកធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here