ADB នឹងអនុម័តគម្រោងជលផលតម្លៃជាង១០០លានដុល្លារ នៅឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank, ADB) បាននិងកំពុងរៀបចំគម្រោងថ្មីមួយស្តីពី ” ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project)” ដែលនឹងអនុម័តនៅឆ្នាំ ២០២២ ដែលគ្រោងនឹងចំណាយថវិកាអស់ ១០០លានដុល្លារ។

នេះបើតាមការលើកឡើងរបស់លោក Anthony Gill នាយកស្តីទីនៃបេសកកម្ម ADB ប្រចាំកម្ពុជា ថ្លែងប្រាប់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ នៅក្នុងជួបពិភាក្សាការងារអំពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកប ដោយនិរន្តរភាព កាលពីរសៀលថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១។ គម្រោងនេះនឹងចំណាយថវិកាអស់ ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ (Concessional Loan) និង ADB Grand Funds ១០លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Anthony Gill បានបញ្ជាក់ថាគម្រោងនេះ នឹងជួយវិស័យជនផលក្នុងការលើកកម្ពស់ការបន្សាំ និងកាត់បន្ថយដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ កែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលនេសាទដែលធន់នឹងអាកាសធាតុ ជំរុញការវិនិយោគលើតម្លៃជលផលប្រកបដោយសុវត្ថិភាព និរន្តរភាព និងខ្សែច្រវាក់តម្លៃ និង ការផ្តល់ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងការនេសាទសមុទ្រ។

ចំពោះគម្រោងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងក្លាយជាភ្នាក់ងារប្រតិបត្តិ ហើយរដ្ឋបាលជលផល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងក្លាយជាភ្នាក់ងារអនុវត្ត។

លោកវេង សាខុន បានមានប្រសាសន៍ថា គម្រោងកម្មវិធីដែលគាំទ្រដោយ ADB បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើន ក្នុងនោះក៏មាន អនុវិស័យវារីវប្បកម្មផងដែរ ក្នុងការធានាបាននូវនិរន្តរភាពបរិស្ថាន សន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ធន់នឹងការប្រែ ប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ និងជាពិសេសស្របទៅនឹងបរិបទនាពេលបច្ចុប្បន្នគឺការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

ភាគីទាំងពីរក៏បានលើកយកប្រធានបទស្តីពី “ការធ្វើឲ្យប្រសើរឡើងទាំងគុណភាព និងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្ម ” ដើម្បីលើកកម្ពស់សមត្ថភាពវិគាគ និងពិសោធន៍លើរាល់ផលិតផលកសិកម្ម មុនធ្វើការនាំចេញ និងពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលនៅលើទីផ្សារ។ ចំពោះការអនុវត្តគម្រោង ភាគីទាំងពីរបានឯកភាពគ្នាថានឹងខិតខំពង្រឹងកិច្ចសហការធ្វើយ៉ាងណាឲ្យដំណើរការនៃការអនុវត្តប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here