ផ្សារភាគហ៊ុនអាស៊ី និងតម្លៃប្រេងបន្តដាំក្បាលចុះដោយសារការភ័យខ្លាចមេរោគអូមីក្រុង

ដោយៈ សុខុម

ស៊ីដនី: ទីផ្សារភាគហ៊ុនអាស៊ីបានដាំក្បាលភាគច្រើន ហើយតម្លៃប្រេងដ៏ធ្លាក់ចុះផងដែរ នៅថ្ងៃអង្គារ ទី១៤ ធ្នូ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ការធ្លាក់ចុះនេះកើតមានឡើង នៅពេលការរីករាលដាលវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង បានធ្វើឱ្យបណ្ដាវិនិយោគិនបាត់បង់ទំនុកចិត្ត ខណៈពួកគេ កំពុងតែភ័យបុកពោះស្រាប់ទៅហើយ នៅមុនពេលធនាគារកណ្ដាលជាច្រើនចេញសេចក្ដីសម្រេចនៅសប្ដាហ៍នេះ។

សន្ទស្សន៍ភាគហ៊ុន MSCI ដែលធំជាងគេបំផុតប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រៅប្រទេសជប៉ុន បានធ្លាក់ចុះ០,៧៧% នៅពេលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាកររបស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ហើយនេះឆ្លុះបញ្ចាំងពីហានិភ័យបង្កឡើងដោយសារវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ដែលមិនអាចមើលស្រាលបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារភាគហ៊ុន CSI300 របស់ប្រទេសចិន បានធ្លាក់ចុះ០,៣៩% បន្ទាប់ពីអាជ្ញាធរសុខាភិបាលក្រុងធានជីន (Tianjin) បានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ដំបូងបង្អស់ប្រចាំប្រទេសចិន ខណៈប្រទេសអង់គ្លេស បានរាយការណ៍ពីករណីស្លាប់ដំបូងបង្អស់ ពីវីរុសបំប្លែងខ្លួនថ្មីនេះ។

សន្ទស្សន៍ផ្សារភាគហ៊ុន Hang Seng Index របស់ទីក្រុងហុងកុង បានធ្លាក់ចុះ១,២% ដែលបណ្ដាលមកពីការព្រួយបារម្ភ អំពីវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។

ការព្រួយបារម្ភអំពីហានិភ័យសេដ្ឋកិច្ច ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង រួមផ្សំការព្រួយបារម្ភអំពីសម្ពាធ ពីសេចក្ដីសម្រេចរបស់ធនាគារកណ្ដាលនៅថ្ងៃពុធ ស្អែកនេះបានធ្វើឱ្យទីផ្សារតំបន់អាស៊ី កាន់តែជ្រួលច្របល់ខ្លាំងឡើង៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here