មន្ត្រីសេដ្ឋកិច្ច៖ កំណើននៃការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជារយៈពេល១១ខែនឹងជំរុញឱ្យសេដ្ឋកិច្ចមានកំណើនលើសការព្យាករ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ស្ថាប័នអន្តរជាតិធំៗប្រចាំកម្ពុជារួមទាំងរាជរដ្ឋាភិបាលខ្លួនឯង កាលពីចុងឆ្នាំ២០២០និងដើមឆ្នាំ ២០២១បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងខ្ពស់ក្នុងរង្វង់៤ភាគរយ តែដោយសារតែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១កូវីដ១៩បានឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេស ធ្វើឱ្យស្ថាប័នអន្តរជាតិទម្លាក់ការព្យាករណ៍មកនៅត្រឹម ប្រមាណ២ភាគរយវិញ។ ប៉ុន្តែក្រោយពីប្រកាសបើកប្រទេសឡើងវិញ រាជរដ្ឋាភិបាលកម្ពុជារំពឹងថាកំណើនសេដ្ឋកិច្ចនឹងកើនឡើងលើសពីការព្យាករទុក។

លោកផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៤ ធ្នូ ២០២១ ស្ដីពី យុទ្ធសាស្ត្រស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ដំណើរការសេដ្ឋកិច្ចឡើងវិញ បើកប្រទេសឡើងវិញ យើងឃើញថាសកម្មភាពសេដ្ឋកិច្ចល្អប្រសើរជាងមុន ក្នុងនោះសន្ទុះនៃការនាំចេញក៏បានឃើញថាមានកំណើនខ្ពស់ដែរ ។

លោកបន្តថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេរមានកំណើនរហូតដល់១៣,៦ភាគរយ ធៀបនឹងឆ្នាំ២០២០ មានកំណើនត្រឹម១០ភាគរយប៉ុណ្ណោះ។ ក្រៅពីផលិតផលមិនមែនកាត់ដេរក៏មានកំណើនខ្ពស់ដែរ គឺប្រមាណ៥៣,១ភាគរយ ចំណែកការនាំចេញផលិតផលកសិកម្មវិញក៏មានកំណើនខ្ពស់ខ្លាំងដែរក្នុងរយៈពេល១១ខែនៃឆ្នាំនេះ ។
លោកបន្ថែមថា តាមរយៈការនាំចេញនូវទំនិញសំខាន់ៗទាំងនេះ កម្ពុជារំពឹងថានឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនអាចនឹងកើនឡើងលើសពីផែនការឬការព្យាករណ៍ចុងក្រោយនេះដែរ ដោយសារតែពេលដែលយើងបានព្យាករណ៍ កំណើននៃការនាំចេញរបស់ខ្លួនមិនទាន់មានកំណើនខ្ពស់នៅឡើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា “កំណើនសេដ្ឋកិច្ចឆ្នាំនេះនឹងអាចកើនឡើងខ្ពស់ជាង២,៤ភាគរយ តែបើឱ្យយើងនិយាយថាវាកើនឡើងបានប៉ុន្មាននោះ ក៏យើងមិនទាន់និយាយបានដែរ ពីព្រោះមិនទាន់ចប់ឆ្នាំ ដូច្នេះមានតែរង់ចាំមើលនៅពេលបញ្ចប់ឆ្នាំ២០២១យើងនឹងដឹងទាំងអស់គ្នា។”

លោកបញ្ជាក់ថា វិស័យដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ រួមមានវិស័យកាត់ដេរ វិស័យកសិកម្ម និងវិស័យសំខាន់មួយទៀតដែលយើងបានមើលឃើញថាបានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានោះគឺវិស័យអចលនវត្ថុ ដោយបានឃើញមានសកម្មភាពវិនិយោគខ្លាំងនៅក្នុងវិបត្តិនិងបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here