គណៈប្រតិភូកម្ពុជា ពិភាក្សាការងារជាមួយអង្គការពាណិជ្ជកម្មពិភពលោក

ដោយៈម៉ាលីនណា

ភ្នំពេញៈ ប្រតិភូកម្ពុជាដឹកនាំដោយលោកសុខ សុភ័ក្ត្ររដ្ឋលេ​ខា​ធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ បានជួបប្រជុំពិភា​ក្សាការងារជាមួយ លោក Stephen Fevrier និងលោក Eloi Laourou ទីប្រឹក្សាជាន់ខ្ពស់លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក។

នៅក្នុងកិច្ចប្រជុំ លោករដ្ឋលេខាធិការបានជម្រាបជូនអំពីវឌ្ឍនភាពដែលសម្រេចបាន ដោយកម្ពុជាក្នុងអំឡុងពេល ដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក តាំងពីឆ្នាំ២០០៤ មក និងគោលដៅនាពេលអនាគតរបស់កម្ពុជា ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។

ទាក់ទងនឹងការងារនេះដែរ តំណាងកម្ពុជាបានស្នើសុំឲ្យអង្គការពាណិជ្ជកម្មពិភពលោកគាំទ្រ ដល់ការសិក្សាគ្រប់ជ្រុងជ្រោយអំពីយុទ្ធសាស្ត្រចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាផងដែរ។ ជាមួយនឹងសំណើរនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ហើយបានអញ្ជើញឲ្យអង្គការពាណិជ្ជកម្មពិភពលោក ពិនិត្យលទ្ធភាពបង្កើតជាកម្មវិធីដើម្បីផ្សព្វផ្សាយ ពីសកម្មភាពរបស់អង្គការពាណិជ្ជកម្ម ពិភពលោក នៅកម្ពុជា ក្នុងអំឡុងពេលនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទីប្រឹក្សាជាន់ខ្ពស់ទាំងពីរ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាសមាជិករបស់អង្គការពា​ណិជ្ជកម្មពិភពលោក។ អង្គការពាណិជ្ជកម្មពិភពលោក នឹងពិនិត្យមើលលទ្ធភាពជាក់ស្ដែង ចំពោះការចូលរួមជាមួយកម្ពុជា ក្នុងព្រឹត្តិការណ៍នានា ព្រមទាំងលើកទឹកចិត្តឲ្យកម្ពុជា ប្រឹងប្រែងចូលរួមយ៉ាងសកម្មនៅក្នុងការងារ នៃអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីទាញយកផលប្រយោជន៍ពេញលេញ ពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here