រាជរដ្ឋាភិបាលចំណាយថវិកាជិត៥០លានដុល្លារក្នុង១ខែៗចិញ្ចឹមពលរដ្ឋក្រីក្រ

ដោយ៖ សុធារី

ព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានចំណាយថវិកាចំនួនជិត ៥០លានដុល្លារ ក្នុងមួយខែ ដើម្បីចិញ្ចឹមពលរដ្ឋក្រីក្រនៅក្នុងវិបត្តិកូវីដ-១៩នេះ។ សម្តេចតេជោថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ ពីអ្នកលឿងទៅថ្នល់ទទឺង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

សម្តេចថ្លែងដូច្នេះថា “ខ្ញុំនៅតែសោកស្តាយ អាកូវីដនេះ មកបំផ្លាញថវិការបស់យើង បើកុំអីខ្ញុំត្រូវប្រកាសភ្លាមតែម្តង ប៉ុន្តែវាធ្វើឲ្យស្រកស្រុតថវិការបស់យើង បូកនឹងភាពមិនច្បាស់លាស់នៃអនាគតសេដ្ឋកិច្ចរបស់យើង ដែលយើងត្រូវចិញ្ចឹមពលរដ្ឋក្នុង១ខែជិត ៥០លានដុល្លារអាមេរិក តាំងពីពេលកើតកូវីដ យើងចាប់ផ្តើមឧបត្ថម្ភពលរដ្ឋជិត ៧០ម៉ឺនគ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណជិត ៣លាននាក់ទទួលផល…បូកទាំងកម្មករ កម្មការិនីដែលអត់មានការងារធ្វើ និងស្រ្តីមានផ្ទៃពោះ ដែលត្រូវឆ្លងទន្លេ ហើយបូកទាំងកម្មវិធីសង្គម ផ្តល់ឲ្យចាប់ពីមានផ្ទៃពោះ រហូតដល់ឆ្លងទន្លេ តាមរយៈកម្មវិធីសង្គម។”

សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា ក៏រដ្ឋមិនកាត់បន្ថយកម្មវិធីសង្គមក្នុងការជួយដល់ពលរដ្ឋនោះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រមុខរដ្ឋាភិបាល បានលើកឡើងកន្លងមកថា កម្ពុជាបានចំណាយថវិកាអស់ប្រមាណជាង ២ ៣០០លានដុល្លារអាមេរិក សម្រាប់ដោះស្រាយនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ដែលចំនួននេះស្មើនឹងតម្លៃសាងសង់ស្ពានរហូតដល់២០ស្ពាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here