ស្វែងយល់ពីពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទនិងការគណនាអត្រាពន្ធ

ដោយ៖ សុធារី

ភ្នំពេញ៖ ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទគឺជាពន្ធប្រចាំឆ្នាំ ប្រមូលចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដូចជារថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉ក- សណ្តោង ជលយាន ឬជលយានយន្ត(លើសពី១៥០ សេះ) ទាំងផ្លូវទន្លេ និងសមុទ្រ។

មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សំដៅដល់ កប៉ាល់ សាឡង់ទូក កាណូត អូប័រ រថយន្តក្បាលរថយន្តសណ្តោងរ៉ឺម៉ក សណ្តោង ស៊ឺមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រនិងគ្រឿងយន្តប្រហាក់ប្រហែល។
អ្នកជាប់ពន្ធ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលជាកម្មសិទ្ធិករ ឬ អ្នកកាន់កាប់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ។

ពន្ធលើមធ្យោបាយដឹកជញ្ជូនយានជំនិះគ្រប់ប្រភេទត្រូវបានលើកលែងចំពោះ
១. រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យដែលជាកម្មសិទ្ធិរបស់រដ្ឋ
២.យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទកងរាជអាវុធហត្ថ នគរបាលជាតិដែលបានចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័ននោះ
៣.យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេសអង្គការ អន្តរជាតិឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា
៤.ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្ត ប្រហាក់ប្រហែលនិងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០ សេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណូលបានមកពីពន្ធដារ គឺប្រើប្រាស់សម្រាប់ ការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា សាងសង់មន្ទីរពេទ្យ បើកប្រាក់ខែជូនមន្ត្រីរាជការ បើកប្រាក់ខែជូនកងទ័ព និងកម្លាំងប្រដាប់អាវុធ សាងសង់ផ្លូវថ្នល់ សាងសង់ស្ពាន សាងសង់សាលារៀន ការពារព្រំដែន ចំណាយទូទៅ សង្គមកិច្ច សេដ្ឋកិច្ច និងអភិវឌ្ឍ។

ការគណនាប្រាក់ពន្ធត្រូវបង់ និង អត្រាពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទត្រូវកំណត់ទៅ តាមប្រភេទមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទដូចខាងក្រោម៖
ក. រថយន្តទេសចរណ៍ (គិតតាមឆ្នាំផលិត និងទំហំស៊ីឡាំង)
ខ. រថយន្តដឹកទំនិញ (គិតតាមទម្ងន់សរុប) គ. រ៉ឺម៉កសណ្តោង (គិតតាមទម្ងន់សរុប)
ឃ. ក្បាលរថយន្តសណ្តោង និងស៊ីមីរ៉ឺម៉កសណ្តោង (ត្រូវបង់ពន្ធរួមគ្នាគិតតាមទម្ងន់សរុប)
ង. រថយន្តដឹកអ្នកដំណើរ (គិតតាមចំនួនកៅអី)
ច. ជលយាន ឬជលយានយន្ត (គិតតាមទម្ងន់ផ្ទុកសរុប ឬគិតតាមប្រវែង បណ្តោយ ឬគិតតាមកម្លាំងសេះ)
ឆ. យានឬយានយន្តកែឆ្នៃ (គិតតាមចំនួន និងកង់)។

ឧទាហរណ៍៖ រថយន្តទេសចរណ៍ ផ្លាកលេខ ភ្នំពេញ 2T-1111 ម៉ាក LEXUS RX 350 មានទំហំស៊ីឡាំង 3500 CC ឆ្នាំផលិត ២០០៧ ជារថយន្តដែល គិតពីឆ្នាំផលិតលើសពី ១០ ឆ្នាំ ប្រាក់ពន្ធត្រូវបង់ចំនួន ៦០០ ០០០ រៀល។ រថយន្តប្រភេទទេសចរណ៍ ផ្លាកលេខ ភ្នំពេញ 2AA-2222 ម៉ាក LEXUS ២០១៥ ជារថយន្ត ដែលគិតពី ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ ឆ្នាំ ប្រាក់ពន្ធត្រូវបង់ចំនួន ១ ០០០ ០០០ រៀល។

ឧទាហរណ៍៖ រថយន្តដឹកទំនិញ មានផ្លាកលេខ ភ្នំពេញ 3A-4444 ម៉ាក HYUNDAI មាន ទម្ងន់ផ្ទុកសរុប (ទម្ងន់សុប = ទម្ងន់រថយន្ត + ទម្ងន់ផ្ទុក និងមនុស្ស) ១៥ តោន ប្រាក់ពន្ធត្រូវបង់ចំនួន ១ ០០០ ០០០ រៀល។ រថយន្តដឹកទំនិញ មានផ្លាកលេខ ភ្នំពេញ 38-5555 ម៉ាក HINO មាន ទម្ងន់ ផ្នកសរុប (ទម្ងន់សុប = ទម្ងន់រថយន្ត + ទម្ងន់ផ្ទុក និងមនុស្ស) ២៥ តោន ប្រាក់ពន្ធត្រូវបង់ចំនួន ២ ០០០ ០០០ រៀល។

ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាសដែលតម្រូវឱ្យកម្មសិទ្ធិករមកចុះបញ្ជី យានយន្តសម្រាប់ការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខា ពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ។ ចំពោះការធ្វើបច្ចុប្បន្នភាពយានយន្តកម្មសិទ្ធិករត្រូវដាក់លិខិតនិងបំពេញ ពាក្យសុំធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្ត រួចដាក់នៅអគ្គនាយកដ្ឋាន ពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ។

អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្តនៅរដ្ឋបាល សារពើពន្ធក្នុងករណីមានការផ្លាស់ប្ដូរដូចជា៖ ម្ចាស់កម្មសិទ្ធិ អាសយដ្ឋាន លេខទូរស័ព្ទផ្លាកលេខ លេខ(តួ ម៉ាស៊ីនសាក់ស៊ី) ប្រភេទម៉ាក ពណ៌ កម្លាំងសេះឆ្នាំផលិតទំហំស៊ីឡាំងចំនួន(ស៊ីឡាំងភ្លៅកៅអីទ្វារ កង់)ថ្ងៃចេញ ប័ណ្ណលើកដំបូង និងទម្ងន់សរុប។

កម្មសិទ្ធិករត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃ៣០ ខែវិច្ឆិកា នៃឆ្នាំជាប់ពន្ធ នីមួយៗ នៅអគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី Taxpayer App ដែលមានក្នុង App Store និង Play Store។

ការចុះបញ្ជីឬបច្ចុប្បន្នភាពព័ត៌មានយានយន្តត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
– ប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃបង់ពន្ធនាំចូល
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (សម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ) – លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តកែច្នៃក្នុងស្រុក
– អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើត
– វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ(អាករលើតម្លៃបន្ថែម)សម្រាប់មធ្យោបាយដឹក ជញ្ជូន និងយានជំនិះគ្រប់ប្រភេទដែលជាទ្រព្យសកម្មរបស់សហគ្រាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here