អភិបាលរាជធានីបានស្នើឱ្យម្ចាស់បុរីធំៗឲ្យរថយន្តពន្លត់អគ្គីភ័យនៅគ្រប់បុរី

ដោយគង់ ម៉ាលីន

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានស្នើឱ្យម្ចាស់បុរីធំៗ ត្រូវមានរថយន្តពន្លត់អគ្គីភ័យគ្រប់គ្នា ដោយរដ្ឋបាលរាជធានី នឹងស្នើទៅរាជរដ្ឋបាលពិបាលដើម្បីរួចពន្ធ ហើយរថយន្តអគ្គីភ័យទាំងនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យនៅក្នុងបុរី ។

លោកបន្តក្នុងកិច្ចប្រជុំនៅសាលាក្រុងនាល្ងាចថ្ងៃទី៥ សីហានេះថា កន្លងមកនេះឃើញបុរីមួយចំនួន បានធ្វើជាគំរូល្អហើយ នោះគឺបុរីម៉េងហូត និងបុរីនៅកោះពេជ្រតែងបានចេញឡានទឹក មកជួយអន្តរាគមន៍ នៅខាងក្រៅពេលមានអគ្គីភ័យកើតឡើងម្តងៗ។ដូច្នេះលោកស្នើឱ្យម្ចាស់បុរីធំៗ មានឡានពន្លត់អគ្គីភ័យគ្រប់បុរី ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់គ្រោះអគ្គីភ័យទាំងអស់គ្នា។

លោកបន្តថា “វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាល ដែលបានធ្វើអោយសង្គមជាតិរីកចំរើន ការអញ្ជើញបងប្អូនម្ចាស់បុរីមកនេះ ដើម្បីតម្រង់ទិសឱ្យបុរីនានាឈានទៅរក្សាបានសន្និសុខ សុវត្ថិភាពកាន់តែប្រសើរថែមទៀត”។ លោក អភិបាលស្នើឱ្យម្ចាស់បុរី អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច រួមសហការណ៍គ្នាឱ្យបានល្អ បើសហការបានល្អហើយ នោះក្នុងបុរីនឹងមានសន្តិសុខល្អប្រសើរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឃួង ស្រេងក៏បានស្នើឱ្យអាជ្ញាធរ បង្កើតទំនាក់ទំនងជាមួយម្ចាស់បុរីឱ្យបានជិតស្និត ជាមួយនឹងការចុះសួរសុខទុក្ខពួកគាត់ជាប្រចាំ ពួកគាត់មានបញ្ហាអ្វី យើងជួយគាត់ភ្លាម។ នៅក្នុងបុរីធំៗត្រូវបំពាក់ទៅកាំម៉េរ៉ាសុវត្ថិភាព ហើយត្រូវបញ្ជូនមកខេមមិនសិនធើរបស់រាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីនឹងរក្សាជាសំងាត់។ អ្វីដែលយើងចង់បានគឺយើងចង់បានសន្តិសុខល្អក្នុងបុរី។

លោកឧត្តមសេនីយ៍ឯកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រ​សា​សន៍លើកឡើងថា ការរៀបចំកម្មវិធីនេះឡើង គឺក្នុងគោលបំណងដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូននៅក្នុងបុរី និងដើម្បីរកចំណូលឱ្យខាងបុរីផងដែរ ជាមួយសន្តិសុខល្អប្រសើរនេះឯង។ កាលបើបុរីរកចំណូលបានច្រើន នោះក៏មានថវិកាច្រើនក្នុងការបង់ពន្ធចូលរដ្ឋបានច្រើនផងដែរ។ លោកក៏បានស្នើអោយម្ចាស់បុរី ដែលមិនមានច្បាប់សន្តិសុខឯកជន ត្រូវទៅបំពេញច្បាប់។ បុរីក៏ត្រូវមានសណ្តាប់ធ្នាប់ រៀបចំប្រព័ន្ធចរាច​រណ៍អោយបានល្អជៀសវាងបង្កគ្រោះថ្នាក់ចរាចរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here